(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានយល់ព្រមបរិច្ចាគប្រាក់ខែរបស់លោកមួយខែ ដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិ COVID-19 នៅក្នុងប្រទេស បន្ទាប់ពីលោកផ្ទាល់បានចេញបញ្ជាឱ្យប៉ូលិស និងយោធា បាញ់សម្លាប់អ្នកដែលបំពានវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវ មួយនេះ។ នេះបើតាមលោក Salvador Panelo ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Salvador Panelo ដែលជាអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ទៀតថា សមាជិកគណៈ រដ្ឋមន្ត្រីរបស់លោក ឌូតឺតេ ក៏បានសន្យាកាត់ប្រាក់ខែ ៧៥ភាគរយក្នុងមួយខែផងដែរ ចាប់ពីខែមេសា រហូតដល់ខែធ្នូ ឆ្នាំ២០២០នេះ។
គួរជម្រាបថា បើតាមគេហទំព័រ Worldometer ហ្វីលីពីន មានអ្នកឆ្លង COVID-19 ៣,៤១៤ករណី ក្នុងនោះមាន១៥២នាក់បានស្លាប់ និង៦៤នាក់ ជាសះស្បើយ៕