(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនទី២ របស់សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមធ្វើតេស្តសុវត្ថិភាព នៃវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) របស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។
ក្រុមហ៊ុន អ៉ីណូវីយ៉ូ (Inovio Pharmaceuticals) ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យា ដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកដែលហៅកាត់ FDA បានទទួលយក ប្រភេទថ្នាំថ្មីសម្រាប់ប្រឆាំងជំងឺ COVID-19 របស់ខ្លួនហើយ ដែលមានឈ្មោះថា INO-4800។ វាជាការត្រួសត្រាយផ្លូវសម្រាប់ការធ្វើតេស្ត តាមបែបវេជ្ជសាស្ត្រក្នុងដំណាក់កាលទី ១ លើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះតែម្តង។
ក្រុមហ៊ុនដដែលនេះបានបញ្ជាក់ថា ការសិក្សាដំណាក់កាលទី ១ នេះ នឹងចុះឈ្មោះយុវជនស្ម័គ្រចិត្តដែលមានសុខភាពល្អរហូតដល់ ៤០ នាក់នៅក្នុងទីក្រុង ហ្វីឡាឌែលហ្វីយ៉ា (Philadelphia) និង កាន់សាស់ (Kansas) ដើម្បីយកមកតេស្តថ្នាំវ៉ាក់សាំងរបស់ខ្លួន។ ការសិក្សានេះ គឺជាជំហានដំបូងដើម្បីពិនិត្យមើលថា តើវ៉ាក់សាំងនេះនឹងមានសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ការធ្វើតេស្តទ្រង់ទ្រាយធំដែរឬទេ ហើយបើទោះជាការសិក្សាស្រាវជ្រាវនេះ ដំណើរការបានល្អក៏ដោយ ក៏ត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំដែរ មុននឹងថ្នាំនេះ អាចដាក់ឲ្យប្រើប្រាស់ជាសរធារណៈបាន។
គួរជម្រាបថា ក្រុមហ៊ុនដំបូងដែលទទួលបានជោគជ័យ ក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 លើបេក្ខជនរបស់ខ្លួនមុនគេនោះ គឺវិទ្យាស្ថានជាតិសុខភាពអាមេរិក ដែលបានចាប់ផ្តើមកាលពីខែមុន។ ក្រុមអ្នកស្រាវជ្រាវជាច្រើននៅជំវិញពិភពលោក បាននិងកំពុងព្យាយាមបង្កើតវ៉ាក់សាំង ប្រឆាំងជំងឺរាតត្បាតសកល COVID-19 ដោយបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាក្នុងក្តីសង្ឈឹមថា យ៉ាងហោចណាស់ក៏មានមួយដែរ ដែលនឹងអាចយកប្រើប្រាស់បាន៕