(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ឲ្យដឹងថា នៅថ្ងៃអង្គារនេះប្រទេសថៃបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៣៨ករណីបន្ថែមទៀត និងបុរសជាអ្នកជំងឺអាយុ៥៤ឆ្នាំមា្នក់ ក៏ត្រូវបានបញ្ជាក់ថាស្លាប់នៅថ្ងៃដដែលនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។
លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) ដែលជាអ្នកនាំពាក្យអង្គភាពគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីដែលទើបរកឃើញនោះ រួមានទាំងករណីឆ្លងនាំចូលពីក្រៅប្រទេស ករណីឆ្លងពាក់ព័ន្ធនឹងករណីមុន ព្រមទាំងករណីដែលពុំទាន់ដឹងប្រភពច្បាស់នៃការឆ្លង។ រីឯអ្នកជំងឺម្នាក់ដែលទើបតែស្លាប់ ជាបុរសជនជាតិថៃអាយុ៥៤ឆ្នាំ។ ជាមួយគ្នានេះ បើតាមលោក Taweesin អ្នកជំងឺ៣១នាក់ថែមទៀត ក៏បានជាសះស្បើយផងដែរ។
គួរជម្រាថា អត្រាអ្នកឆ្លងថ្មីខាងលើ ហាក់ស្តែងឲ្យឃើញពីការបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់គ្នាមកហើយនៃចំនួនឆ្លង COVID-19 ថ្មីនៅក្នុងប្រទេសថៃ ដោយកាលពីថ្ងៃចន្ទមាន៥១ករណី ហើយថ្ងៃអាទិត្យមាន១០២ករណី។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 កាលពីដើមខែមករា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាចំនួនអ្នកឆ្លងសរុប ២,២៥៨ ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត ខណៈ៨២៤នាក់បានជាសះស្បើយជាស្ថាពរឡើងវិញ៕