(ឡុងដ៍)៖ រដ្ឋមន្ត្រីខុទ្ទកាល័យអង់គ្លេស លោក Michael Gove បាននិយាយថា លោកបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ ដោយសារតែសមាជិកគ្រួសាររបស់លោកម្នាក់ មានរោគសញ្ញា COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។
លោក Michael Gove ដែលជាមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងជួររដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ធ្វើការអះអាងបែបនេះនៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ ជាមួយការបញ្ជាក់ថា នឹងបន្តធ្វើការងារដដែល ខណៈលោកផ្ទាល់មិនទាន់ចេញរោគសញ្ញាគួរឱ្យសង្ស័យណាមួយនោះទេ។ លោក ចនសុន ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យកាលពីថ្ងៃចន្ទ ក្រោយរោគសញ្ញា COVID-19 មានសភាពកាន់តែធ្ងន់ធ្ងរ តែបច្ចុប្បន្ន លោកកំពុងស្ថិតក្នុងស្ថានភាពនឹងនរ ដោយមានជំនួយពីខ្យល់អុកស៊ីហ្សែន នៅក្នុង បន្ទប់សង្រ្គោះបន្ទាន់ ICU។
គួរជម្រាបថា ក្រៅពីលោក ចនសុន រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Matt Hancock ក៏បានឆ្លង COVID-19 ផងដែរ តែឥលូវលោកមានសុខភាពប្រក្រតីវិញហើយ ដោយអាចធ្វើការជាធម្មតា ស្របពេលរដ្ឋមន្ត្រីអង់គ្លេសជាច្រើននាក់ទៀត កំពុងស្នាក់នៅដាច់ដោយឡែកពីគេ កាលពីប៉ុន្មានសប្ដាហ៍ថ្មីនេះ។ បើតាមគេហទំព័រ worldometers ចក្រភពអង់គ្លេស មានអ្នកឆ្លង COVID-19 ៥១,៦០៨នាក់ ក្នុងនោះស្លាប់ ៥,៣៧៣នាក់ និងជាសះស្បើយ ១៣៥នាក់៕