(បរទេស)៖ តាមចំនួនតួលេខនេះអាចបង្ហាញយ៉ាងច្បាស់ហើយថា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗលើលោក ដែលមានវិស័យសុខាភិបាលខ្លាំងក្លា មិនប្រាកដថាមានអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវិដ១៩នេះចំនួនតិចទេ ហើយក៏មិនប្រាកដថា ប្រទេសក្រសេដ្ឋកិច្ចមិនសូវរឹងមាំ មានឆ្លង និងស្លាប់ច្រើននោះដែរ ការដែលសំខាន់នោះគឺភាពជាអ្នកដឹកនាំនៃមេដឹកនាំប្រទេសនិមួយៗនោះទៅវិញទេ ដែលជាចំណុចគួរចាប់អារម្មណ៍។
តួយ៉ាងដូចជា សហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់សរុបកើនដល់១២,៧៩៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន១៩២៥នាក់ នេះបើយោងតាមគេហទំព័រពិភពលោក Worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។
ខាងក្រោមប្រទេសចំនួន៤ ដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 លើសពីមួយម៉ឺននាក់
១៖ អាមេរិក ករណីឆ្លងកើនដល់ ៣៩៥,៧៣៩នាក់, ស្លាប់សរុប ១២,៧៩៦នាក់, ស្លាប់ថ្មី ១៩២៥នាក់
២៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១៤១,៩៤២ករណី, ស្លាប់សរុប ១៤,០៤៥នាក់, ស្លាប់ថ្មី ៧០៤នាក់
៣៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៣៥,៥៨៦ករណី, ស្លាប់សរុប ១៧,១២៧នាក់, ស្លាប់ថ្មី ៦០៤នាក់
៤៖ បារាំង ករណីឆ្លងកើនដល់ ១០៩,០៦៩ករណី, ស្លាប់សរុប ១០,៣២៨នាក់, ស្លាប់ថ្មី១៤១៧នាក់
សូមជំរាបថា នាពេលថ្មីៗនេះគិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យមួយ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានយំរៀបរាប់ប្រាប់ពិភពលោកតាមបណ្តាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យនៅអាមេរិកកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់ ដោយខ្វះខាតនូវសម្ភារៈពេទ្យក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 សូម្បីតែម៉ាសក៏គ្រូពេទ្យគ្មានពាក់ដែរ។
គិលានុបដ្ឋាយិការូបនោះបានលាឈប់ពីការងារ ហើយបានរៀបរាប់តាមរយៈវិដេអូយ៉ាងដូច្នេះថា៖
«ខ្ញុំលាឈប់ពីការងារហើយនៅថ្ងៃនេះ។ ខ្ញុំបានទៅធ្វើការ ហើយខ្ញុំត្រូវបានគេប្រគល់ការងារឲ្យមើលខុសត្រូវលើអ្នកជំងឺ COVID-19 ម្នាក់នៅផ្នែកសង្រ្គោះបន្ទាន់។ នៅផ្នែកសង្រ្គោះបន្ទាន់នោះត្រូវបានប្រែក្លាយ ទៅជាកន្លែងផ្ទុកអ្នកជំងឺ COVID-19 នៅទីនោះមិនមានគិលានុបដ្ឋាយិកាណាម្នាក់ពាក់ម៉ាសការពារឡើយ សូម្បីតែម៉ាសពេទ្យធម្មតា (Surgical mask) តែខ្ញុំមានម៉ាស N95 របស់ខ្ញុំផ្ទាល់។ ខ្ញុំបានប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្ញុំថា ខ្ញុំពិតជាយល់ថា យើងខ្វះខាត សម្ភារៈ ប៉ុន្តែសូមមេត្តាឲ្យរូបខ្ញុំការពារខ្លួនឯង ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពេលធ្វើការ... ខ្ញុំមានគ្រួសារដែលខ្ញុំត្រូវត្រឡប់ទៅជួបជុំនៅឯផ្ទះវិញ រីឯស្ថានការណ៍គឺមើលទៅ មិនអាចប្រសើរឡើងឡើយ... សហរដ្ឋអាមេរិកមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់ទេ ហើយគ្រូពេទ្យដែលត្រូវមើលថែទាំអ្នកជំងឺ គឺមិនទទួលបានការការពារត្រឹមត្រូវទាល់តែសោះ»។
វិដេអូនេះត្រូវបានចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។