(តែលអាវីវ)៖ ក្រសួងសុខាភិបាលអ៉ីស្រាអែលនាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសអ៉ីស្រាអែលទើបតែបានចុះកិច្ចព្រមព្រៀងមួយ ទំហំប្រមាណ ២៥.២លានដុល្លារអាមេរិក ជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកជីវសាស្រ្ត ដ៏ធំមួយរបស់ប្រទេសចិន BGI (BGI Genomics) ពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងបរិក្ខា សម្រាប់ធ្វើតេស្តរកវីរុស COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០។
យោងតាមការបញ្ជាក់ក្នុងសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលអ៉ីស្រាអែល កិច្ចព្រមព្រៀងខាងលើនឹងអនុញ្ញាតឲ្យអ៉ីស្រាអែលបង្កើន សមត្ថភាពធ្វើតេស្តកាន់តែខ្ពស់ថែមទៀត គឺអាចធ្វើតេស្តរក COVID-19 បានយ៉ាងហោចលើមនុស្ស ១០,០០០នាក់ក្នុងមួយថ្ងៃ បន្ថែមពីលើការធ្វើតេស្តលើមនុស្សបានត្រឹម ៨,៣០០នាក់ក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន។ ឧបករណ៍ធ្វើតេស្តថ្មីទាំងនេះត្រូវគេរំពឹងថា នឹងត្រូវប្រគល់ ទៅដល់មន្ទីរពិសោធន៍ចំនួន ០៦នៅក្នុងប្រទេសអ៉ីស្រាអែល ក្នុងរយៈពេល២-៣សប្តាហ៍។
គួរជម្រាបថា ក្រុមហ៊ុន BGI Genomics ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៩ មានមូលដ្ឋាននៅទីក្រុង ហ្សិនជិន (Shenzhen) នៃប្រទេសចិន ហើយបច្ចុប្បន្នគឺជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំមួយ សម្រាប់ការធ្វើតេស្ត COVID-19 នៅជុំវិញពិភពលោក។ ដោយឡែកសម្រាប់ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអ៉ីស្រាអែល បើយោងតាមវែបសាយ worldometers.info គឺមាន ៩,០០៦ករណី ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៥៨៥នាក់៕