(វ៉ាស៊ីនតោន)៖ យោងតាមគេហទំព័រអន្តរជាតិ Worldometer នៅរយៈពេល ២៤ម៉ោងចុងក្រោយនេះ មនុស្សសរុប ១,៩២៥នាក់ទៀត បានបាត់បង់ជីវិត នៅទូទាំងសហរដ្ឋអាមេរិក ដែលជាតួលេខអាក្រក់បំផុតពីរថ្ងៃជាប់ៗគ្នាមកហើយ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងដល់ ១៤,៧៦៦នាក់។ នេះបើតាមការដកស្រង់ទិន្នន័យ នៅវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
សម្រាប់ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ក៏បានកើនឡើង ៣០,៥៦៧ករណីបន្ថែមទៀតផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ដែលជាហេតុធ្វើឲ្យចំនួនសរុបកើនដល់ ៤៣០,៩០២ករណី ខ្ពស់ជាងគេដាច់ឆ្ងាយតែម្តងពីបណ្តាប្រទេស ដែលកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារ COVID-19 ផ្សេងៗទៀត ខណៈអ្នកជាសះស្បើយវិញមានសរុប ២២,៣៥៦នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមហាអំណាចចំនួន ០៥ ដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិកឆ្លងសរុប ៤៣០,៩០២ករណី ក្នុងនោះស្លាប់ ១៤,៧៦៦នាក់ និងជាសះស្បើយវិញ ២២,៣៥៦នាក់។
២៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ១៤៨,២២០ករណី ក្នុងនោះស្លាប់ ១៤,៧៩២នាក់ និងជាសះស្បើយឡើងវិញ ៤៨,០២១នាក់។
៣៖ ប្រទេសអ៉ីតាលីឆ្លងសរុប ១៣៩,៤២២ករណី ក្នុងនោះស្លាប់ ១៧,៦៦៩នាក់ និងជាសះស្បើយឡើងវិញ ២៦,៤៩១នាក់។
៤៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ១១៣,២៩៦ករណី ក្នុងនោះស្លាប់ ២,៣៤៩នាក់ និងជាសះស្បើយឡើងវិញ ៤៦,៣០០នាក់។
៥៖ ប្រទេសបារាំងឆ្លងសរុប ១១២,៩៥០ករណី ក្នុងនោះស្លាប់ ១០,៨៦៩នាក់ និងជាសះស្បើយឡើងវិញ ២១,២៥៦នាក់៕