(ការ៉ាកាស)៖ យន្តហោះមួយគ្រឿងដឹកជំនួយផ្នែកសុខាភិបាលប្រមាណ ៩០តោន របស់អង្គការសហប្រជាជាតិ (UN) បានទៅដល់ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងការ៉ាកាស់) ដើម្បីជួយប្រទេសកំពុងរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដែលកំពុងញាំញីពិភពលោកយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
មន្ត្រីអង្គការសហប្រជាជាតិលោក ភីតធើ ហ្គ្រោហ៍ម៉ាន់ (Peter Grohmann) ដែលជាអ្នកសម្របសម្រួលកិច្ចការមនុស្សធម៌ សម្រាប់ប្រទេសវេណេស៊ុយអេឡាបានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូននេះរួមមានឧបករណ៍ការពារខ្លួនពីវីរុសចំនួន ២៨,០០០កំផ្លេ សម្រាប់បុគ្គលិកសុខាភិបាល, ម៉ាស៊ីនជំនួយអុកស៊ីសែន, គ្រែពេទ្យ, ផលិតផលត្រួតពិនិត្យគុណភាពទឹក និងឧបករណ៍អនាម័យ។ លោក Grohmann គូសបញ្ជាក់យ៉ាងដូច្នេះថា «នេះជាជំនួយលើកដំបូងហើយ ពីសំណាក់ UN ដើម្បីជួយដល់វេណេស៊ុយអេឡា ចាប់តាំងពីជំងឺ COVID-19 ផ្ទុះឡើងក្នុងប្រទេសអាមេរិកឡាទីនមួយនេះ»។
គួរបញ្ជាក់ថា ក្រុមអង្គការមនុស្សធម៌អន្តរជាតិ មានការព្រួយបារម្ភជាខ្លាំង ចំពោះប្រទេសវេណេស៊ុយអេឡា ដែលកំពុងតែរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរស្រាប់ ហើយត្រូវមកផ្ទុះករណីឆ្លងជំងឺ COVID-19 បន្ថែមមួយទៀត។ បច្ចុប្បន្នវេណេស៊ុយអេឡាមានករណីឆ្លង COVID-19 សរុប១៦៧ករណី ក្នុងនោះមនុស្ស០៩នាក់ស្លាប់៕