(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានទទូចសាជាថ្មីឱ្យមានសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងកុំយកជំងឺដ៏កាចសាហាវនេះ ដើម្បីកេងចំណេញនយោបាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចោទប្រកាន់ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះលម្អៀងទៅរកចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
លោក Tedros ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធសប្តាហ៍នេះ នៅឯទីក្រុងហ្សឺណែវ និងជាការការពារវិធានការដោះស្រាយវិបត្តិ COVID-19 របស់អង្គការ WHO ឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់លោក ដូណាល់ ត្រាំ ដែលបានព្រមានកាត់ជំនួយដល់ស្ថាប័នអន្តរជាតិមួយនេះ។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក និងចិនគួរតែរួមដៃគ្នា ដើម្បីប្រយុទ្ធជាមួយ COVID-19 ដែលជាសត្រូវដ៏គ្រោះថ្នាក់... ហើយអ្នកនយោបាយ ឬគណបក្សនយោបាយទាំងអស់ គួរតែផ្ដោតសំខាន់លើការសង្រ្គោះប្រជាជនរបស់ពួកគេ ជាជាងយកជំងឺមួយនេះ ដើម្បីកេងចំណេញនយោបាយ»។
បន្ថែមពីលើនេះ ប្រមុខអង្គការ WHO ក៏បានច្រានចោលផងដែរ ចំពោះការលើកឡើងរបស់លោក ត្រាំ ដែលថា អង្គការលោកលម្អៀងទៅរកចិន ដោយលោកបានសង្កត់ធ្ងន់ថា WHO ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសទាំងអស់ ដោយមិនប្រកាន់ព័ណ៌សម្បុរអ្វីនោះទេ។
គួរជម្រាបថា កាលពីឆ្នាំ២០១៩ សហរដ្ឋអាមេរិក បានចូលរួមចំណែកជាជំនួយហិរញ្ញវត្ថុដល់ WHO ចំនួន៤០០លានដុល្លារ។ ប៉ុន្តែលោក ត្រាំ បានព្រមានថា នឹងកាត់បន្ថយជំនួយវិញខ្លះដោយចោទថា អង្គការអន្តរជាតិមួយនេះថា បានលម្អៀងទៅរកចិន៕