(ប្រេស៊ីល)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីលបានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅរដ្ឋធានីប្រេស៊ីលីយ៉ា) ប្រទេសប្រេស៊ីលមានករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន ១៦,១៨៨ ករណីនៅទូទាំងប្រទេស ដោយក្នុងនោះអ្នកជំងឺប្រមាណ ៨២០នាក់បានស្លាប់បាត់បង់ជីវិត និង ១២៧នាក់ជាសះស្បើយ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
ករណីឆ្លងភាគច្រើននៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ គឺស្ថិតនៅទីក្រុងសៅប៉ូឡូ (Sao Paulo) ដែលមានចំនួនជាង ៦,៧០០ករណី និងទីក្រុងរីយ៉ូ ដឺ ហ្សេណេរ៉ូ (Rio de Janeiro) មានចំនួនជិត ២,០០០ករណី។
នៅក្នុងសន្និសីទកាសែត លោក ល្វីស ម៉ាន់ដិតតា (Luiz Henrique Mandetta) ដែលជារដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រេស៊ីលបានលើកឡើងថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេស ត្រូវបានបង្កើតឡើងដើម្បីពន្លឿនការផលិតឧបករណ៍ដកដង្ហើម ជាឧបករណ៍ជំនួយការដង្ហើមដ៏សំខាន់សម្រាប់អ្នកជំងឺ COVID-19 ដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ គេរំពឹងថា ក្រុមហ៊ុនទាំងនោះយ៉ាងហោចណាស់ ក៏អាចផ្គត់ផ្គង់ឧបករណ៍ទាំងនោះបានរហូតដល់ ៦,៥០០គ្រឿងដែរក្នុងមួយថ្ងៃៗ។
គួរបញ្ជាក់ថា នៅចំពោះមុខ នៃវិបត្តិសកលមួយនេះរដ្ឋាភិបាលប្រេស៊ីល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19។ ក្នុងចំណោមវិធានការណ៍ទាំងនោះ គេឃើញមានដូចជាការដាក់ឲ្យនៅដាច់ដោយឡែក ក៏ដូចជាការប្រើប្រាស់បណ្តាញសុខភាពសាធារណៈ ដើម្បីត្រៀមរៀបចំឲ្យបានកាន់តែប្រសើឡើងសម្រាប់ចំណុចកំពូល នៃការឆ្លងរីករាលនៃជំងឺនេះ ដែលគេប៉ាន់ស្មានថា អាចនឹងកើតមាននៅប៉ុន្មានសប្តាហ៍ខាងមុននេះ៕