(វ៉ាស៊ីនតោន)៖ ជំងឺរាតត្បាតសកល COVID-19 ដែលកំពុងលុកលុយប្រទេស និងដែនដីច្រើនជាង ២០០ អាចនឹងបង្កការខូចខាតធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែទំនងជាងនឹងមិនបង្កជា វិបត្តិហិរញ្ញវត្ថុសកលជាថ្មីនោះទេ។ នេះបើតាមការលើកឡើងដោយ អ្នកជំនាញអន្តរជាតិមួយរូបឈ្មោះ សួរ៉ាប់ ហ្គាប់តា (Sourabh Gupta) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ លោក Sourabh Gupta ដែលជាអ្នកជំនាញសេដ្ឋកិច្ចអាមេរិកម្នាក់ មកពីវិទ្យាស្ថានសម្រាប់ការសិក្សាចិន-អាមេរិក មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាពិតជាមានការរំខានដល់ផ្នែកហិរញ្ញវត្ថុ និងការចំណាយនៃកញ្ចប់ថវិកាជួយសង្រ្គោះ អាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ឱនភាពកញ្ចប់ថវិការដ្ឋាភិបាលអាមេរិក... ប៉ុន្តែវានឹងមិនបង្កើតជា វិបត្តិហិរញ្ញវត្ថុនៅអាមេរិក ឬក៏សកលលោកនោះទេ»។
បើតាមលោក Sourabh Gupta មានភស្តុតាងបីដែលអាចបញ្ជាក់ថា COVID-19 នឹងមិនបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុសកលជាថ្មីឡើយ ដោយទីមួយ៖ COVID-19 គឺជាវិបត្តិសុខាភិបាលសាធារណៈ ពោលមិនមែនជាវិបត្តិរចនាសម្ព័ន្ធហិរញ្ញវត្ថុ ដូចនៅឆ្នាំ២០០៨ នោះទេ។ ទីពីរ៖ វិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨-២០០៩ បានបណ្ដាលឱ្យប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ជួបវិបត្តិភ្លាមៗដោយមិនត្រៀមខ្លួនទុកជាមុន។
អ្នកជំនាញខាងលើបានសង្កត់ធ្ងន់ថា ងាកមកបញ្ហា COVID-19 បច្ចុប្បន្ន រដ្ឋាភិបាល និងវិស័យធនាគារបានត្រៀមកញ្ចប់ថវិកាជាស្រេច ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ និងទី ៣ ជាចំណុចចុងក្រោយ៖ ធនាគារកណ្ដាលអាមេរិក នៅតែមានកន្លែងទំនេរគ្រប់គ្រាន់ សម្រាប់រក្សាតុល្យភាពហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ជាមួយការអនុវត្តប្រាក់កម្ចីទាប និងគាំទ្រប្រព័ន្ធហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា ការឆ្លង និងស្លាប់យ៉ាងអាក្រក់បំផុត ដោយសារតែជំងឺ COVID-19 នៅទូទាំងពិភពលោក បានបង្កឲ្យប្រទេសទាំងអស់ភ័យខ្លាចកាន់តែខ្លាំងឡើង រួចទៅហើយ ប៉ុន្តែអ្វីដែលស្ថិតនៅចំពោះមុខ និងជាបញ្ហាធំធេងមួយទៀតនោះ គឺចរន្តសេដ្ឋកិច្ចសកលដែលកំពុងរងផលអវិជ្ជមានជាលំដាប់ ដោយសារតែវិធានការបិទប្រទេស ទប់ស្កាត់ធ្វើដំណើរ និងវិធានការរឹតត្បិតជាច្រើនទៀត ដែលប្រាកដណាស់់ថា វាបាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសទាំងអស់លើលោក រងផលប៉ះពាល់ពីតិចទៅច្រើន៕