(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានសុខភាពជាតិអាមេរិក ដែលហៅកាត់ថា NIH នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបញ្ជាក់ឲ្យដឹងថា ថ្នាំអ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដែលជាថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ ត្រូវបានគេយកមកធ្វើតេស្ត ដើម្បីព្យាបាលលើអ្នកជំងឺ COVID-19 តាមបែបវិជ្ជសាស្ត្រហើយនៅសហរដ្ឋអាមេរិក ដើម្បីវាយតម្លៃពីសុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំនេះឲ្យបានប្រាកដប្រជា ខណៈថ្នាំនេះត្រូវបានគេជឿជាក់ថា ទំនងអាចមានប្រសិទ្ធភាពជាងគេ ក្នុងព្យាបាលជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
បេក្ខជនដំបូងដែលបានចុះឈ្មោះ ដើម្បីទទួលបានការធ្វើតេស្តសាកល្បងនេះ គឺនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ វ៉ាន់ដឺប៊ីលត៍ (Vanderbilt) រដ្ឋ ធិនណែសស៊ី (Tennessee)។ ការធ្វើតេស្តព្យាបាលនេះ នឹងជ្រើសរើសយកអ្នកជំងឺដែលជាមនុស្សពេញវ័យចំនួន ៥០០នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅក្នុងមន្ទីរសង្រ្គោះបន្ទាន់នានា។
លោក ជេមស៍ ឃីឡេយ (James Kiley) ប្រធានផ្នែកគ្រប់គ្រងជំងឺសួត នៃវិទ្យាស្ថានសុខភាពជាតិ NIH បានលើកឡើងយ៉ាងដូច្នេះថា «ការព្យាបាលដែលមានប្រសិទ្ធភាពចំពោះ COVID-19 គឺជាអ្វីដែលចាំបាច់បំផុត និងបន្ទាន់នៅពេលនេះ»។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ផងដែរថា «ថ្នាំនអ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសសារខូវ២ (SARS-CoV-2) ដែលជាវីរុសម្យ៉ាងបង្កឲ្យមានជំងឺ COVID-19 ក៏ត្រូវបានគេរាយការណ៍ជាបឋមថា មានប្រសិទ្ធភាពសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងត្រូវការទិន្នន័យសិក្សាមួយច្បាស់លាស់ ដើម្បីកំណត់ថាតើ ថ្នាំអ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) ពិតជាមានប្រសិទ្ធភាពមែន ឬអត់ ហើយតើថាវាមានសុវត្ថិភាពក្នុងការប្រើប្រាស់វាដែរឬទេ»។
ជុំវិញរឿងនេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់មានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងបង្កើនការផលិតថ្នាំអ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) នេះ ខណៈរដ្ឋាភិបាលសហព័ន្ធ បានស្តុកទុកថ្នាំប្រភេទនេះ ចំនួនរាប់លានគ្រាប់រួចស្រេចទៅហើយ ដើម្បីត្រៀមសម្រាប់ព្យាបាលអ្នកជំងឺ COVID-19។ ជាមួយគ្នានេះ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence ក៏បានគូសបញ្ជាក់ផងដែរថា ថ្នាំប្រឆាំងមេរោគគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) នឹងត្រូវបានប្រើប្រាស់នៅក្នុង ការធ្វើតេស្ដមួយលើអ្នកជំងឺ COVID-19 ចំនួន ៣,០០០នាក់ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង ដេត្រូត (Detroit) នៃរដ្ឋមីឈីហ្គែន (Michigan) ហើយលទ្ធផលនឹងត្រូវបានតាមដាននៅក្នុងការសិក្សាជាផ្លូវការ។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកជំងឺ COVID-19 ប្រមាណជាង ៤៦៨,០០០ករណីនៅទូទាំងប្រទេស ក្នុងនោះអ្នកជំងឺជាង ១.៦ម៉ឺននាក់ស្លាប់ ខណៈអ្នកជំងឺជិត ២.៦ម៉ឺននាក់បានជាសះស្បើយឡើងវិញ៕