(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា COVID-19 គឺវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានគិតគិតចាប់តាំងតែពីសម័យ វិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីទសវត្សរ៍ឆ្នាំ១៩៣០ ហើយបានព្រមានថា កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះ នឹងជួបភាពអវិជ្ជមានយ៉ាងខ្លាំង។ នេះបើតាមការដកស្រង់កាផ្សាយ ចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
លោកស្រី គ្រីស្តាលីណា ហ្សកហ្គីវ៉ា (Kristalina Georgieva) ប្រធាន IMF បាននិយាយដូច្នេះថា «កាលពី ០៣ខែមុន យើងបានរំពឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាង ១៦០ (ក្នុងចំណោម ១៨៩ប្រទេស) ដែលជាសមាជិករបស់យើង នឹងទទួលបានតួលេខវិជ្ជមាន នៅក្នុងឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះការរំពឹងទុកពេលនោះ បានផ្ទុយស្រឡះទាំងស្រុង ដោយបច្ចុប្បន្នយើងព្យាករណ៍ថា ប្រទេសជាសមាជិកយើងរហូតដល់ជាង ១៧០ នឹងទទួលបានភាពអវិជ្ជមានក្នុងកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ»។
លោកស្រី Georgieva បានបន្ថែមថា ពិភពលោកទាំងមូលកំពុងជួបប្រទះ វិបត្តិសេដ្ឋកិច្ចដែលអាក្រក់ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានគិតចាប់តាំងពី ជំនាន់វិបត្តិសេដ្ឋកិច្ចសកលហៅថា ដឺហ្គ្រេតឌីប្រេសសិន (The Great Depression) កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៣០។ បើតាមលោកស្រី ប្រសិនបើការរាតត្បាតនៃ ជំងឺ COVID-19 ចុះអន់ថយនៅពាក់កណ្តាលឆ្នាំ២០២០ IMF រំពឹងថា នឹងអាចមើលឃើញការងើបឡើងវិញខ្លះៗ នៃសេដ្ឋកិច្ចពិភពលោកនៅ ឆ្នាំ២០២១ ប៉ុន្តែលោកស្រីបានព្រមានថា ស្ថានការណ៍អាចនឹងកាន់តែអាក្រក់ថែមទៀតក៏ថាបាន ដោយផ្អែកលើកត្តាជាច្រើន។
គួរជម្រាបថា ដោយសារតែការវាយលុកពីជំងឺ COVID-19 រដ្ឋាភិបាលនៅតាមប្រទេសជាច្រើនជុំវិញពិភពលោក រួមមានទាំងប្រទេសដែល មានសេដ្ឋកិច្ចរីកចម្រើនជឿនលឿន បានបង្ខំចិត្តអនុវត្តវិធានការបិទប្រទេស ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន និងរោងចក្រត្រូវបិទទ្វារ ព្រមទាំងកាត់បន្ថយបុគ្គលិក។ កន្លងទៅក្នុងសប្តាហ៍នេះ របាយការណ៍សិក្សាមួយរបស់ UN បានលើកឡើងថា ៨១ភាគរយនៃកម្លាំងអ្នកធ្វើការងារសរុប ៣.៣ពាន់លាននាក់នៅលើពិភពលោក គឺកន្លែងធ្វើការរបស់ពួកគេ ត្រូវបានបិទទ្វារទាំងស្រុង ឬមួយផ្នែកដោយសារតែ COVID-19៕