(សេអ៊ូល)៖ ការបោះឆ្នោតសភាមុនកាលកំណត់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្ដើមហើយនៅថ្ងៃសុក្រនេះ ជាមួយការអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅតាមការិយាល័យបោះឆ្នោត ដែលត្រូវបានបង្កើតឡើង ខណៈបេក្ខជនទាំងអស់ កែប្រែមធ្យោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីទប់ស្កាត់ឆ្លងរាតត្បាតជំងឺ ដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
គណៈកម្មការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង (NEC) បានបង្កើតការិយាល័យបោះឆ្នោតចំនួន ០៨ សម្រាប់អ្នកជំងឺ COVID-19 ច្រើនជាង ៣,០០០នាក់កំពុងទទួលការព្យាបាល រួមទាំងបុគ្គលិកសុខាភិបាល ៩០០នាក់ នៅតាមតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារជំងឺនេះ ក្នុងនោះរួមមានទាំងរដ្ឋធានីសេអ៊ូល និងទីក្រុងដេគូ (Daegu) ផងដែរ។
ការបោះឆ្នោតដំបូងឡើយ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមេសា ប៉ុន្តែក្រុមមន្ត្រីសង្ឃឹមថា ការរៀបចំការបោះឆ្នោតមុនកំណត់ អាចនឹងចូលរួមទប់ស្កាត់ការឆ្លង COVID-19។ មិនតែប៉ុណ្ណោះ អាជ្ញាធរក៏បានរៀបចំការិយាល័យបោះឆ្នោត ៣,៥០០កន្លែង សម្រាប់អ្នកបោះឆ្នោតដទៃទៀត កំឡុងការបោះឆ្នោតរយៈពេលពីរថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃសុក្រនេះតទៅ។
ការិយាល័យបោះឆ្នោតត្រូវបានបាញ់សម្លាប់មេរោគ កាលពីថ្ងៃព្រហស្បតិ៍មុនបើកទ្វារ ហើយអ្នកបោះឆ្នោតទាំងអស់ ត្រូវបានតម្រូវឱ្យពាក់ម៉ាស ប្រើប្រាស់ទឹកលាងដៃ និងពាក់ស្រោមដៃ ស្របពេលអាជ្ញាធរដឹកនាំការវាស់កម្ដៅ មុននឹងអនុញ្ញាតឱ្យចូលការិយាល័យបោះឆ្នោត។
គួរជម្រាបថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានទម្លាក់សន្លឹកឆ្នោតរបស់លោក ចូលក្នុងហិបឆ្នោតនៅព្រឹកថ្ងៃសុក្រនេះរួចហើយ នៅឯការិយាល័យបោះឆ្នោតមួយ ក្បែរវិមានប្រធានាធិបតីតែម្តង។ បើតាមតួលេខចុងក្រោយ កូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 ១០,៤៥០នាក់ ក្នុងនោះស្លាប់ ២០៨នាក់ និងជាសះស្បើយ ៣,១២៥នាក់៕