(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា ព្យុះកំណាចថូណាដូ ដែលបានវាយប្រហារលើទូទាំងរដ្ឋភាគខាងត្បូង នៃប្រទេសកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៣០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
មនុស្សស្លាប់រាប់សិបនាក់ ដោយសារព្យុះកំណាចថូណាដូខាងលើនេះ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ តិចសាច់ (Texas), អាកាន់សាស់ (Arkansas), ល្វីស្យាណា (Louisiana), មីស៊ីស៊ីបពី (Mississippi), អាឡាបាម៉ា (Alabama), ហ្សកហ្ស៊ី (Georgia), ខារ៉ូលីណាខាងត្បូង និងខាងជើង (South and North Carolinas), និងរដ្ឋ ធិននែសស៊ី (Tennessee)។ នៅក្នុរដ្ឋ Mississippi មានអ្នកស្លាប់ ១១នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ០៩នាក់នៅរដ្ឋ South Carolina និង ០៧នាក់ នៅរដ្ឋ Georgia។ ចំណែកឯរដ្ឋ North Carolina, Tennessee, និងរដ្ឋ Arkansas មានមនុស្សស្លាប់ម្នាក់ៗដូចគ្នា។
គួរជម្រាបថា ក្រៅតែពីផ្ដាច់ជីវិតមនុស្ស ព្យុះកំណាចថូណាដូបានធ្វើឱ្យផ្ទះសម្បែង និងអាជីវកម្មច្រើនជាងមួយលានខ្នង គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស រីឯលំនៅឋាន និងអគារមួយចំនួនទៀតបានរងការខូចខាត៕