(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បច្ចុប្បន្នមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) នោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ផ្អាកផ្ដល់ហិរញ្ញវត្ថុដល់ស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា៖ «វាមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) ប្រឈមមុខនឹងការរាតត្បាតនៃជំងឺ COVID-19 នោះទេ...ប៉ុន្តែបច្ចុប្បន្ន វាជាពេលដែលយើងទាំងអស់គ្នា ត្រូវរួបរួមគ្នា និងធ្វើការជាមួយគ្នាក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់ជំងឺដ៏កាចសាហាវមួយនេះ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យរដ្ឋាភិបាលលោក ផ្អាកការផ្តល់ថវិកាទៅកាន់អង្គការសុខភាពពិភពលោក (WHO)។ លោក ត្រាំ បានលើកហេតុផលថា លោកបានសម្រេចធ្វើបែបនេះ ដោយសារតែ WHO មិនអាចចាត់ចែង និងគ្រប់គ្រងវិបត្តិ COVID-19 បានល្អ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានលោកត្រាំបានអះអាងថា អង្គការសុខភាពពិភពលោក គឺបានបរាជ័យក្នុងការបំពេញកាតព្វកិច្ច ជាមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះលោកក៏បានចោទប្រកាន់អង្គការអន្តរជាតិមួយនេះ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលជាហេតុនាំឲ្យ មានការឆ្លងរីករាលដាលជាសកលបែបនេះ។ ប៉ុន្តែ WHO ធ្លាប់បានទាត់ចោលការចោទប្រកាន់ជាច្រើនលើកផងដែរ៕