(សៀងហៃ)៖ ការស្ទាបស្ទង់មតិមួយនាថ្ងៃសុក្រនេះបានបង្ហាញថា បណ្តាក្រុមហ៊ុន និងរោងចក្រអាមេរិកភាគច្រើន ដែលស្ថិតនៅក្នុងប្រទេសចិន ពុំមានបំណងចាកចេញពីប្រទេសចិន ដោយសារវិបត្តិ COVID-19 ឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានសិង្ហបុរី CNA នារសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
ប្រមាណជិត ៧០ភាគរយនៃក្រុមហ៊ុន ដែលបានចូលរួមក្នុងការស្ទង់មតិខាងលើ ដែលរៀបចំឡើងរួមគ្នាដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅក្នុង ទីក្រុងប៉េកាំង និងសៀងហៃ ព្រមទាំងក្រុមហ៊ុនអន្តរជាតិ PwC (Price waterhouse Coopers) បានលើកឡើងថា ពួកគេរំពឹងថាប្រតិបត្តិការនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ នៅក្នុងប្រទេសចិន នឹងវិលទៅរកភាពប្រក្រតីវិញ មិនដល់ ៣ខែទៀតនោះឡើយ ហើយ ៩៦ភាគរយបានព្យាករណ៍ថា ប្រតិបត្តិការនៅជុំវិញពិភពលោក នឹងវិលទៅដូចដើមក្នុងចន្លោះពេល ៣-៦ខែ ខាងមុខនេះ។
ជុំវិញបញ្ហាខាងលើ លោក អាឡេន ប៊ីប (Alan Beebe) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា «ដោយផ្ទុយពីការលើកឡើងមួយចំនួន នាពេលកន្លងមក ទិន្នន័យជាក់ស្តែងនៅក្នុងប្រទេសចិនបានបង្ហាញថា ភាគច្រើននៃក្រុមហ៊ុន និងរោងចក្រអាមេរិក មិនមានគម្រោងវិចបង្វិច ចាកចេញពីចិនឡើយ»។
តាមការកត់សម្គាល់របស់លោក Alan ចិនហាក់បាននាំមុខគេ ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីការបិទប្រទេស។ ចិនបានចាប់ផ្តើម បោះជំហានតាំងតែពីខែកុម្ភៈ ដើម្បីដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនដូចដើមវិញ តាមរយៈការអនុញ្ញាតឲ្យកម្មករចូលបម្រើការងារ នៅតាមរោងចក្រ និងការបន្ធូរបន្ថយការរឹតត្បិតជុំវិញការធ្វើដំណើរ។ កាលពីថ្ងៃទី០៨ ខែមេសា ការបិទទីក្រុងវូហាន ដែលជាចំណុចចាប់ផ្តើម ដំបូងបំផុតនៃការឆ្លងរាលដាលជំងឺ COVID-19 ត្រូវបានដកចេញវិញ។
គួរជម្រាបថា បច្ចុប្បន្នស្ថានការណ៍ COVID-19 នៅក្នុងប្រទេសចិន គឺមានភាពធូរស្បើយឆ្ងាយជាងប្រទេសធំៗដទៃទៀត ដូចជាប្រទេសនៅ តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងមានករណីឆ្លង និងមនុស្សបាត់បង់ជីវិតជាច្រើននាក់នៅឡើយ ក្នុងមួយថ្ងៃៗ៕