(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានជាថ្មីថា នឹងដាក់ចេញនូវវិធានការរឹតបន្តឹង ដែលនឹងមានលក្ខណៈដូចគ្នាទៅនឹងច្បាប់ អាជ្ញាសឹក ដើម្បីបញ្ឈប់ការល្មើស ឬការរំលោភពានទាំងឡាយលើវិធានការបិទតំបន់ភាគខាងជើងនៃប្រទេស ទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
ការព្រមានរបស់លោក ឌូតឺតេ ធ្វើឡើងនៅក្នុងសុន្ទរថាមួយ តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ការល្មើសលើវិធានការគម្លាតសុវត្ថិភាព មានការកើនឡើង។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីហ្វីលីពីន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែសុំឱ្យ អ្នកទាំងអស់គោរពវិន័យតែបន្តិចប៉ុណ្ណោះ...តែបើសិនជា អ្នកមិនអាចធ្វើបាន និងមិនជឿជាក់ខ្ញុំ នោះយោធា និងប៉ូលិសនឹងចេញមកគ្រប់គ្រងស្ថានការណ៍។ ពោលគឺយោធា និងប៉ូលិស នឹងរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាពនៃបម្រាមគោចរ...ឱ្យដូចគ្នាទៅនឹងច្បាប់អាជ្ញាសឹក។ ដូច្នេះ អ្នកទំាងអស់គ្នា ធ្វើការជ្រើសរើសចុះ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ហ្វីលីពីន មានអ្នកឆ្លង COVID-19 ៥,៦៦០នាក់ ក្នុងនោះស្លាប់ ៣៦២នាក់ និងជាសះស្បើយ ៤៣៥នាក់៕