(តូក្យូ)៖ ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុននៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា មានមន្ត្រីរបស់ខ្លួនម្នាក់ទៀតធ្វើតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 ដោយវាគឺជាករណីទីបីហើយ ដែលបានរកឃើញជំងឺនេះ ក្នុងចំណោមមន្ត្រីដែលធ្វើការនៅទីនោះ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
សេចក្តីរាយការណ៍ខាងលើនេះ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ ពីលោកនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្រេចប្រកាសដាក់ប្រទេសជប៉ុនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាល។
នៅក្នុងរបាយការណ៍បានគូសបញ្ជាក់ថា មន្ត្រីខាងលើដែលត្រូវបានគេតេស្តឃើញថាឆ្លងជំងឺ COVID-19 គឺបុរសអាយុខ្ទង់៥០ឆ្នាំ ធ្វើការនៅក្នុងក្រុមប្រឹក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុន ប៉ុន្តែមានការធ្វើប្រាស្រ័យទាក់ទង ជិតស្និទ្ធជាមួយបណ្តារដ្ឋមន្ត្រីនោះទេទេ នៅរង្វង់ពេលដែលគាត់បានចេញរោគសញ្ញាកាលពីថ្ងៃទី ១០ ខែមេសា។
ជំវិញរឿងនេះដែរ លោក ស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃសុក្រនេះតែម្តងស្តីអំពីការវិវឌ្ឈនៃស្ថានការណ៍ COVID-19 នៅក្នុងប្រទេស។
គួរជម្រាបថា យោងតាមទិន្នន័យវែបសាយ Worldometers គិតត្រឹមម៉ោងនេះចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន មាន ៩,២៣១នាក់ ក្នុងនោះស្លាប់១៩០នាក់ និងជាសះស្បើយ៩៣៥នាក់៕