(រីយ៉ាដ)៖ ក្រុមប្រឹក្សាបញ្ញវន្តជាន់ខ្ពស់ (Council of Senior Scholars) ដែលជាស្ថាប័នសាសនាជាន់ខ្ពស់បំផុតរបស់អារ៉ាប៊ីសាអូឌីត បានជំរុញឱ្យប្រជាជនមូស្លីម ឬអ្នកកាន់ សាសនាអ៉ីស្លាម នៅទូទាំងពិភពលោក «ថ្វាយបង្គំនៅក្នុងផ្ទះ» ជៀសវាងការប្រមូលផ្ដុំគ្នា កំឡុងខែរ៉ាម៉ាឌន (Ramadan) ដែលនឹងចូលមកដល់ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បើសិនជាប្រទេសរបស់ពួកគេ តម្រូវឱ្យមានការអនុវត្តវិធានការគម្លាតសុវត្ថិភាព ទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ ក្រុមប្រឹក្សាបញ្ញវន្តជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ដូច្នេះថា៖ «ជនមូស្លីមគ្រប់រូប គួរតែបញ្ជៀសការជួបជុំ ឬការប្រមូលផ្ដុំគ្នា ពីព្រោះវាគឺជាមូលហេតុចម្បងនៃការឆ្លងរាតត្បាត COVID-19...ហើយមិនតែប៉ុណ្ណោះ ជនមូស្លីមគួរតែចងចាំថា ការការពារអាយុជីវិតអ្នកដទៃ គឺជាទង្វើមួយដ៏ល្អ អស្ចារ្យ ដែលនាំពួកគេខិតជិតទៅរក [អល់ឡោះជាម្ចាស់]»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន អារ៉ាប៊ីសាអូឌីត មានអ្នកឆ្លង COVID-19 ៨,២៧៤នាក់ ក្នុងនោះស្លាប់ ៩២នាក់ និងជាសះស្បើយ ១,៣២៩នាក់៕