(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម មកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការផ្ដល់ជំនួយហិរញ្ញវត្ថុ សម្រាប់សារព័ត៌មាន និងប្រព័ន្ធសោតទស្សន៍ក្នុងតំបន់ ដែលកំពុងពើបប្រទះការធ្លាក់ចុះ នៃប្រាក់ចំណូលកំឡុងវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
សមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ លោកស្រី ម៉ារីយ៉ា ខេនត៍វែល (Maria Cantwell) និងលោកស្រី អេមី ក្លូបាក់ឆា (Amy Klobuchar) រួមទាំងសមាជិកព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ លោក ចន ខិនណឺឌី (John Kennedy) និងលោក ចន ប៊ូសមែន (John Boozman) បានជំរុញឱ្យថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក ត្រួតពិនិត្យឡើងវិញនូវច្បាប់ មួយចំនួន ដើម្បីអនុញ្ញាតឱ្យសារព័ត៌មាន ស្ថានីយទូរទស្សន៍ និងវិទ្យុក្នុងតំបន់ មានសិទ្ធិទទួលជំនួយហិរញ្ញវត្ថុ ក្រោមកម្មវិធីគាំពារប្រាក់ចំណូល (Paycheck Protection Programme)។
គួរជម្រាបថា បណ្ដាប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិក មិនមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ដោយសារតែពួកគេស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រុមហ៊ុនធំៗ។ ការអំពាវនាវរបស់ក្រុមសមាជិកព្រឹទ្ធសភាខាងលើ កើតមានឡើងបន្ទាប់ពីមន្ត្រីអាមេរិក កាលពីថ្ងៃអាទិត្យបានអះអាងថា ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងមួយ ស្ដីពីកញ្ចប់ថវិកាជំនួយ សម្រាប់សហគ្រាសខ្នាតតូច ដែលរងផលប៉ះពាល់ដោយសារ COVID-19៕