(វេលីងតុន)៖ អាជ្ញាធរសុខាភិបាលនូវែលសេឡង់នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៧ករណីបន្ថែមទៀត ដែលនាំឲ្យប្រទេសមួយនេះ បានកត់ត្រាករណីឆ្លង សរុបចំនួន ១,៤៣១ករណីនៅទូទាំងប្រទេស។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរបាយការណ៍ដដែលខាងលើ ក្រសួងសុខាភិបាលនូវែលសេឡង់ ក៏បានបញ្ជាក់ដែរថា សម្រាប់រយៈពេលដដែលនេះ មិនមានករណីស្លាប់ ត្រូវបានរាយការណ៍បន្ថែមនោះទេ ពោលគឺនៅរក្សាបានត្រឹមចំនួន ១២នាក់ដដែល។

ជាមួយគ្នានេះ មានករណីជាសះស្បើយចំនួន ៦២នាក់ បន្ថែមទៀតក៏ត្រូវបានរាយការណ៍ផងដែរ ដែលនាំឲ្យចំនួនសរុប នៃអ្នកជាសះស្បើយបានកើនដល់ ៩៧៤នាក់នៅទូទាំងប្រទេស ដូច្នេះមានន័យថា ករណីសកម្មដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យមានត្រឹមតែចំនួន ១៤ករណីប៉ុណ្ណោះ ដោយក្នុងនោះមាន ០២ករណីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរជម្រាបថា នៅថ្ងៃចន្ទនេះ បើតាមសេចក្តីប្រកាសរបស់ក្រសួង រដ្ឋាភិបាលនូវែលសេឡង់នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីធ្វើការសម្រេចចិត្តចុងក្រោយថា តើត្រូវរក្សាកម្រិតប្រកាសអាសន្ន ឬបន្ធូរបន្ថយមកវិញ បន្ទាប់ពីការប្រកាសអាសន្នថ្នាក់ជាតិមួយនេះ ដែលមានរយៈពេលបួនសប្តាហ៍កន្លងមកហើយ នឹងត្រូវបិទបញ្ចប់នៅថ្ងៃពុធសប្តាហ៍នេះ៕