(តេអេរ៉ង់)៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានកងទ័ពជើងទឹកអាមេរិក ដែលប្រចាំការនៅឈូងសមុទ្រពែក្សថា ខ្លួននឹងចាត់វិធានឆ្លើយតបយ៉ាងចាស់ដៃ ប្រសិនបើអាមេរិកសាងកំហុសឆ្គងណាមួយ ក្នុងតំបន់ឈូងសមុទ្រពែក្ស។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីភាគីអ៊ីរ៉ង់បានអះអាងថា កងទ័ពជើងទឹកអាមេរិកដែលប្រចាំការនៅឈូងសមុទ្រពែក្ស កាលពីដើមខែមេសាកន្លងទៅនេះ បានរារាំងនាវារបស់ខ្លួនមួយគ្រឿង នៅក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែកពីគ្នា ដោយបានប្រើអាកប្បកិរិយាប្រកបដោយគ្រោះថ្នាក់ និងមិនបានអើពើអំពីការព្រមានរបស់ខ្លួន។
តាមរយៈគណនី Twitter កងកម្លាំងជើងទឹកសហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្តាហ៍កន្លងទៅនេះបានរាយការណ៍ឲ្យដឹងថា មានកងឆ្មាំបដិវត្តិអ៊ីរ៉ង់ចំនួន ១១នាក់បានចូលមកជិតនាវា និងឆ្មាំសមុទ្ររបស់ខ្លួន ។
ប៉ុន្តែសម្រាប់ភាគីអ៊ីរ៉ង់វិញ ទង្វើនេះគឺជាការបង្កើនសកម្មភាពល្បាត នៅក្នុងឈូងសមុទ្ររបស់ខ្លួន បន្ទាប់ពីកងទ័ពជើងទឹកអាមេរិក បានរារាំងនាវាអ៊ីរ៉ង់មួយគ្រឿងកាលពីដើមខែមេសានេះ។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យម្សិលមិញនេះយ៉ាងដូច្នេះផងដែរថា ខ្លួននឹងឆ្លើយតបដោយម៉ឺងម៉ាត់បំផុត ចំពោះកំហុសណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងឈូងសមុទ្រពែក្យ នៅតែស្ថិតក្នុងភាពតានតឹងខ្លាំងនៅឡើយ បន្ទាប់លោកប្រធានាធិបតី ដូណាល់ ត្រាំបានបញ្ជាឲ្យបាញ់សម្លាប់មេទ័ពរដ៏ល្បីរបស់អ៊ីរ៉ង់ម្នាក់កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ៕