(សិង្ហបុរី)៖ នាថ្ងៃចន្ទនេះ ប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ដល់ទៅ១,៤២៦នាក់ ដែលជាអត្រាដ៏ខ្ពស់​មិនធ្លាប់មានមួយកម្រិតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ​CNA នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសជាបឋមរបស់ក្រសួងសុខាភិបាលសិង្ហបុរី សឹងតែទាំងអស់នៃករណីថ្មីៗទាំងនោះ គឺជាពលករបរទេសដែលកំពុង​​​បំពេញការងារនៅក្នុងប្រទេសសិង្ហបុរី ដោយមានត្រឹម១៦ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្ត្រៃយ៍។ ក្រសួង​សុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា អាជ្ញាធរកំពុងធ្វើការងារពាក់ព័ន្ធករណីទាំងអស់នេះ ហើយនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតនៅ​យប់ថ្ងៃចន្ទនេះ។ កាលពីថ្ងៃអាទិត្យសិង្ហបុរីបានប្រកាសរកឃើញករណីថ្មីៗជិត៦០០ករណី ខណៈកាលពីថ្ងៃសៅរ៍មានជាង៩៤០ករណី​។

គួរជម្រាបថា សិង្ហបុរីដែលមានប្រជាជនប្រមាណ៥.៦លាននាក់ នាពេលនេះ បានក្លាយជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើន​ជាងគេបំផុតប្រចាំនៅតំបន់អាស៊ាន បន្ទាប់ពីកន្លងមកធ្លាប់ត្រូវក្រុមអ្នកវិភាគចាត់ទុកថា ជាប្រទេសគំរូក្នុងការគ្រប់គ្រងវិបត្តិជំងឺឆ្លងរាតត្បាត​ជាសកលនេះ៕