(រីយ៉ាដ)៖ ក្រុមរដ្ឋមន្រ្តីសុខាភិបាលនៃបណ្តាប្រទេសសេដ្ឋកិច្ច G20 ក្នុងកំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្គាល់ពីចំណុចខ្សោយនៅក្នុងវិស័យសុខាភិបាលនៃប្រទេសនីមួយៗ ដែលគូសរំលេចឡើងដោយជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

កំឡុងកិច្ចប្រជុំខាងលើ ក្រុមរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេស G20 បានចែករំលែកបទពិសោធន៍នៃប្រទេសរៀងៗខ្លួន និងបានលើកឡើងពី ចំណាត់ការចាំបាច់ផ្សេងៗ ដើម្បីបង្កើនសមត្ថភាពត្រៀមលក្ខណៈ ព្រមទាំងបានជជែកពីចំណុចខ្សោយនៃប្រព័ន្ធសុខាភិបាល ដែលរំលេច ឡើងដោយវិ បត្តិ COVID-19។

នាឱកាសនោះ ក្រុមរដ្ឋមន្រ្តីសុខាភិបាល G20 បានទទួលស្គាល់ថា ជំងឺឆ្លងរាតត្បាតជាសកល COVID-19 បានរំលេចឲ្យឃើញនូវចំណុច ខ្សោយក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ ហើយវាក៏បានបង្ហាញនូវភាពចន្លោះប្រហោងនៃសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុង ការទប់ស្កាត់ក៏ដូចជាឆ្លើយតបចំពោះការគំរាមកំហែងនៃជំងឺដ៏កាចសាហាវនេះផងដែរ។

គួរជម្រាបថា ប្រទេសដែលជាសមាជិក G20 សុទ្ធតែមានករណី COVID-19 រាប់ពាន់ ដែលក្នុងនោះអាមេរិកមានច្រើនជាងគេដល់ទៅច្រើន ជាង ៧៥០,០០០នាក់ ហើយទាបបំផុតគឺអាហ្សង់ទីនមានជិត៣,០០០ករណី៕