(សិង្ហបុរី)៖ ក្រសួងអប់រំសិង្ហបុរីនាថ្ងៃចន្ទនេះបានឲ្យដឹងថា កុំព្យូទ័រយួរដៃ (Laptop) និងថេប្លេត (Tablet) សរុបប្រហែល ១២,៥០០គ្រឿង ត្រូវបានផ្តល់ឲ្យទៅសិស្សានុសិស្ស ដែលខ្វះខាតខ្ចីប្រើប្រាស់សិន សម្រាប់ការសិក្សារៀនសូត្រពីចម្ងាយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

ចំណែកឯឧបករណ៍ពាក់ព័ន្ធនឹងការផ្តល់សេវាអ៉ីនធើណែត រួមមានទាំងម៉ូដិម (Dongle) សរុបប្រមាណ ១,២០០គ្រឿង ត្រូវបានផ្តល់ឲ្យពួកគេខ្ចីប្រើប្រាស់ផងដែរ។ ការធ្វើបែបនេះ បានកើតមានបន្ទាប់ពីរដ្ឋាភិបាលសិង្ហបុរី បានសម្រេចឲ្យមានការសិក្សាពីចម្ងាយគ្រប់ កម្រិតនៅតាមផ្ទះរៀងៗខ្លួនតែម្តង ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ដែលវាគឺជាផ្នែកមួយនៃវិធានការរក្សាគម្លាតសុវត្ថិភាព ដើម្បីកាត់បន្ថយការឆ្លងរាលដាល នៃជំងឺ COVID-19។

គួរជម្រាបថា សម្រាប់មួយរយៈចុងក្រោយនេះ គេបានសង្កេតឃើញពីសន្ទុះកើនឡើងនៃអត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅសិង្ហបុរី គឺក្នុងចំណោមពលករបរទេស ដែលកំពុងបំពេញការងារនៅក្នុងប្រទេសដីកោះដ៏តូចនេះ។ នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលសិង្ហបុរីបាន ប្រកាសពីការ រកឃើញករណីថ្មីដល់ទៅជាង ១,៤០០ករណី ដែលជាហេតុធ្វើឲ្យករណីឆ្លងសរុបកើនលើស ៨,០០០នាក់។ នៅក្នុងចំណោម អ្នកឆ្លងជាង ៨,០០០នាក់នេះ មាន ១១នាក់បានស្លាប់ និងជាង ៧០០នាក់ ឬស្នើនឹង ៩.៥ភាគរយជាសះស្បើយ៕