(តេហេរ៉ង់)៖ សារព័ត៌មានសេដ្ឋកិច្ចអ៉ីរ៉ង់នាថ្ងៃចន្ទនេះបានរាយការណ៍ថា ប្រទេសអ៉ីរ៉ង់បានដាក់សំណើសុំប្រាក់កម្ចីទំហំ ៥០លានដុល្លារអាមេរិកពីធនាគារពិភពលោក ដើម្បីយកទៅឧបត្ថម្ភកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

លោក កាមែល តាកាវីណេចាដ (Kamel Taqavinejad) អនុរដ្ឋមន្រ្តីសុខាភិបាលអ៉ីរ៉ង់ បាននិយាយថា សំណើកម្ចីថវិកាខាងលើកំពុងតែឆ្លងកាត់នីតិវិធីចាំបាច់ ក្រោមការសម្របសម្រួលពីសំណាក់ស្ថាប័នពាក់ព័ន្ធ ដូចជាធនាគារកណ្តាលរបស់អ៉ីរ៉ង់ជាដើម។ លោក Taqavinejad ក៏បានបញ្ជាក់ដែរថា វាគឺជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០០៥ ដែលអ៉ីរ៉ង់បានស្នើសុំកម្ចីក្នុងទំហំបែបនេះ ពីធនាគារពិភពលោក។

បើតាមលោកអនុរដ្ឋមន្រ្តីសុខាភិបាលអ៉ីរ៉ង់ដដែល ប្រទេសអ៉ីរ៉ង់ក៏បានស្នើសុំកម្ចីទំហំ ១៤១លានដុល្លារពីធនាគារអភិវឌ្ឍអ៉ីស្លាម ដើម្បីយកទៅប្រើប្រាស់ក្នុងការទិញសម្ភារបរិក្ខាពេទ្យ ហើយកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ធនាគារកណ្តាលអ៉ីរ៉ង់បានប្រកាសថា ខ្លួនបានស្នើសុំកម្ចីទំហំ ០៥ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីយកទៅប្រយុទ្ធនឹងការឆ្លងរាលដាលនៃ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់។

គួរជម្រាបថា យោងតាមទិន្នន័យចុងក្រោយបំផុតនៅលើវែបសាយ Worldometers ចំនួនករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសអ៉ីរ៉ង់មាន ៨២,២១១ករណី ក្នុងនោះស្លាប់ ៥,១១៨នាក់ និងជាសះស្បើយ ៥៧,០២៣នាក់ ឬស្មើនឹង ៦៩ភាគរយ៕