(តួក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបានកើនដល់ ១១,០៤១នាក់ហើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលជប៉ុន បូកបញ្ចូលតួលេខអ្នកឆ្លង ៧១២នាក់ នៅលើកប៉ាល់ Diamond Princess ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១១,៧៥៣នាក់។ អ្នកជំងឺស្លាប់ ១៣នាក់ ដោយសារ COVID-19 ក៏ត្រូវបានរាយការណ៍ផងដែរ នៅតាមខេត្តចំនួន៨ នៅថ្ងៃចន្ទនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦៤នាក់ ក្នុងនោះមាន១៣នាក់ មកពីកប៉ាល់ដឹកអ្នកដំណើរខាងលើ។
ចំណែកឯ អ្នកជំងឺ ១,៨៨៤នាក់ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ២៣៥នាក់ កំពុងស្ថិតនៅក្នុងស្ថានភាព ធ្ងន់ធ្ងរ។ ទីក្រុងតូក្យ រ៉ាប់រង ករណីឆ្លងច្រើនជាងគេដោយមានចំនួន ៣,១៨៤ករណី តាមពីក្រោយដោយទីក្រុងអូសាកា ១,២១១ករណី និងកាណាហ្គាវ៉ា (Kanagawa) ៧៩៦ករណី៕