(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអរគុណប្រជាជននូវែលសេឡង់ទាំងអស់ សម្រាប់ការចូលរួមចំណែកបញ្ឈប់ការ ឆ្លងរាតត្បាត COVID-19 ជាមួយការប្រកាសបន្ធូរបន្ថយវិធានការបិទប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។
បើតាមលោកស្រី Ardern ដោយមើលឃើញពីស្ថានការណ៍ធូរស្រាល រដ្ឋាភិបាលរបស់លោកស្រី បានសម្រេចចិត្តថានឹងទម្លាក់កម្រិតនៃវិធានការបិទប្រទេសពីកម្រិត ទី៤ មកនៅត្រឹមកម្រិតទី៣វិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ការបន្ធូរបន្ថយនេះ មានន័យថាអាជីវកម្ម និងសាលារៀនមួយចំនួន អាចបើកទ្វារឡើងវិញ ខណៈការរឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់ នឹងត្រូវបានបន្ធូរបន្ថយ។ តែចំពោះវិធានការបិទព្រំដែនសម្រាប់ជនបរទេសចូលមកក្នុងស្រុក នឹងនៅតែបន្តអនុវត្តសិន រហូតដល់មានការសម្រេចចិត្តជាថ្មី។
គួរជម្រាបថា វិធានការបិទប្រទេសកម្រិតទី៣ នឹងត្រូវអនុវត្តយ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយការសម្រេចចិត្តថ្មីមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន នូវែលសេឡង់ មានអ្នកឆ្លង COVID-19 ១,៤៤០នាក់ ក្នុងនោះស្លាប់១២នាក់ និងជាសះស្បើយ ៩៧៤នាក។ ប៉ុន្តែ ជាមួយគ្នានោះដែរ អង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានថាការបន្ធូរបន្ថយវិធានការគម្លាតសុវត្ថិភាព ឬវិធានការរឹតត្បិតនានា អាចនឹងធ្វើឱ្យមានមនុស្សឆ្លង និងស្លាប់កាន់តែច្រើន៕