(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនមិនមែនជាសត្រូវរបស់សហរដ្ឋអាមេរិកនោះទេ ជាការឆ្លើយតបទៅនឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចោទប្រកាន់ទីក្រុងប៉េកាំង បិទបាំងតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះ លោក Geng Shuang បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រជាជនអាមេរិក គួរតែយល់ឱ្យច្បាស់ថា ចិនមិនមែនជាសត្រូវ របស់សហរដ្ឋអាមេរិក នោះទេ។ ការវាយប្រហារ និងការរិះគន់មកលើចិនគឺជារឿងគ្មានប្រយោជន៍នាំឱ្យខាតពេលវេលា...ដូច្នេះសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការរិះគន់ និងបន្ទោសចិន ព្រមទាំងបញ្ឈប់ផងដែរនូវការលើកឡើង គ្មានទំនួលខុសត្រូវ ហើយគួរតែផ្ដោតសំខាន់ទៅលើបញ្ហានៅក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»

គួរបញ្ជាក់ថា ប្រតិកម្មរបស់ក្រសួងការបរទេសចិន ធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកចង់បញ្ជូនក្រុម អ្នកស៊ើបអង្កេតទៅកាន់ប្រទេសចិន ក្រោយលោកផ្ទាល់ចោទថាទីក្រុងប៉េកាំង បិទបាំងតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារ COVID-19៕