(ឡុងដ៍)៖ កន្លែងរក្សាទុកសាកសពបណ្តោះអាសន្ន ដែលអាចដាក់បាន៣០,០០០សព ត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃការស្លាប់ ដោយសារការរីករាលដាល នៃវីរ៉ុស COVID-19 នៅចក្រភពអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន Telegraph ចុះផ្សាយនាយប់ថ្ងៃទី២០ ខែមេសានេះ។
ការបង្កើនកន្លែងរក្សាទុកសាកសពនេះ បានធ្វើឡើង ដោយសារចំនួនអ្នកស្លាប់ ពីជំងឺ COVID-19 នៅចក្រភពអង់គ្លេស នាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់) មានចំនួន៤៤៩នាក់ ក្នុងរយៈពេល២៤ម៉ោង ដែលចំនួននេះបានធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងរហូតដល់១៦,៥០៩នាក់។
ការកើនឡើងនៃការស្លាប់គឺជាអត្រាមួយ ក្នុងចំណោមអត្រាស្លាប់ទាបបំផុត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
កាលពីសប្តាហ៍មុន ទីប្រឹក្សាវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាលអង់គ្លេស លោក Jeremy Farrar បានលើកឡើងថា ចក្រភពអង់គ្លេស ទំនងជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងការរាតត្បាតដ៏អាក្រក់បំផុត ពីវីរ៉ុស COVID-19៕