(សិង្ហបុរី)៖ សិង្ហបុរីនាថ្ងៃអង្គារនេះ បានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន១,១១១នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបទូទាំង ប្រទេសកើនដល់៩,១២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗខាងលើ ដែលមាន២០ករណីប៉ុណ្ណោះ ជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ខណៈក្រៅពីនោះជាពលករកាន់ប័ណ្ណបម្រើការងាររយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករ បរទេស។ បើតាមអាជ្ញាធរសិង្ហបុរី ទីតាំងស្នាក់នៅសម្រាប់ពលករបរទេសសរុប១៩កន្លែង ត្រូវបានប្រកាសចាត់ទុកជាកន្លែងដាក់នៅដាច់ ដោយឡែក ក្រោយពីចំនួនករណីឆ្លង COVID-19 ក្នុងចំណោមពលករបរទេស មានការស្ទុះឡើងខ្ពស់។
គួរជម្រាបថា បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ពលករបរទេសទាំងនោះភាគច្រើន មានរោគសញ្ញាស្រាល និងកំពុងស្ថិត ក្រោមការតាមដាន ដោយពុំនរណាម្នាក់ត្រូវការការសង្រ្គោះបន្ទាន់ឡើយ ហើយការស្ទុះឡើងនៃការរកឃើញករណីឆ្លង នៅមួយរយៈចុង ក្រោយនេះ គឺដោយសារតែការធ្វើតេស្តត្រូវបានបង្កើនឡើង៕