(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក នៅមុនចុងសប្ដាហ៍នេះ នឹងប្រកាសពីផែនការបន្ធូរបន្ថយ វិធានការបិទប្រទេសទប់ស្កាត់ COVID-19 ទៅតាមតំណាក់កាល ដែលនឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី៤ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Facebook លោក Conte បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំពិតជាចង់និយាយថា ទុកឱ្យអ្វីៗគ្រប់គ្រងយ៉ាងបើកទ្វារឡើងវិញភ្លាម ឬយើងនឹងបើក ប្រទេសនៅព្រឹកថ្ងៃស្អែក...ប៉ុន្តែការសម្រេចចិត្តបែបនេះ គឺគ្មានទំនួលខុសត្រូវឡើយ ហើយវាមានតែធ្វើឱ្យករណីឆ្លងកើនឡើងរឹតតែខ្លាំង រហូតដល់ស្ថិតនៅក្រៅការគ្រប់គ្រង តែប៉ុណ្ណោះ...ដូច្នេះយើងមានតែធ្វើការសម្រេចចិត្ត ផ្អែកលើផែនការបើកប្រទេសឡើងវិញ ទៅតាមតំណាក់កាល»។
គួរជម្រាបថា អ៉ីតាលី បានបិទប្រទេសទាំងមូលចាប់តាំងពីថ្ងៃ០៩ ខែមីនាមកម្លេះ ហើយបច្ចុប្បន្ន វិធានការរឹតត្បិតនេះ កំពុងលេចចេញជាលទ្ធផល ដោយស្ថានការណ៍ COVID-19 ហាក់ដូចជាធូរស្រាលជាបណ្ដើរៗ។ បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃចន្ទសប្ដាហ៍នេះ អ៉ីតាលី មានអ្នកឆ្លង COVID-19 ១៨១,២២៨នាក់ ក្នុងនោះ ស្លាប់ ២៤,១១៤នាក់ និងជាសះស្បើយ ៤៨,៨៧៧នាក់៕