(រ៉ង់ហ្គូន)៖ យានជំនិះមួយគ្រឿងរបស់អង្គការសុខភាពពិភពលោក (WHO) ដែលដឹកសំណាក COVID-19 បានរងការឆ្មក់វាយប្រហារពីក្រុមសកម្មប្រយុទ្ធ ULA/AA ក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា យានជំនិះខាងលើដែលមានអ្នកបើកបរម្នាក់ និងបុគ្គលិកសុខាភិបាលម្នាក់ មានគោលដៅត្រូវដឹកសំណាក COVID-19 ទៅកាន់មន្ទីរពិសោធន៍នៅឯទីក្រុងរ៉ង់ហ្គូន ប៉ុន្តែក៏ត្រូវក្រុមសកម្មប្រយុទ្ធ ULA/AA វាយប្រហារនៅក្បែរស្ពាន យ៉ាមួង (Yarmaung) ក្នុងក្រុង មីនប៊ីយ៉ា (Minbya) នៃរដ្ឋ Rakhine កាលពីយប់ថ្ងៃចន្ទម្សិលមិញ។

គួរបញ្ជាក់ថា មនុស្សទាំង ០២នាក់នៅលើរថយន្តនោះ បានទទួលរងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅកៀកបំផុត ដើម្បីជួយសង្រ្គោះ ខណៈនៅថ្ងៃអង្គារនេះការិយាល័យ អង្គការសហប្រជាជាតិប្រចាំនៅមីយ៉ាន់ម៉ា បានបញ្ជាក់ថា អ្នកបើករថយន្តបានបាត់បង់ជីវិត។ ពាក់ព័ន្ធនឹងតួលេខអ្នកឆ្លង COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលនេះគឺបានកើនដល់ ១១៩នាក់ ក្នុងស្លាប់០៥នាក់ និងជាសះស្បើយ ០៧នាក់៕