(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ប្រទេសរុស្ស៊ីបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥,៦៤២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៥២,៧៦៣ករណី។

២៖ ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនបំផុតមួយដែរលើពិភពលោក អ៉ីរ៉ង់ពេលនេះបានរាយការណ៍ពីចំនួនមនុស្សស្លាប់ ដោយសារជំងឺរាតត្បាតសកលមួយនេះ កើនឡើងដល់ ៥,២៩៧នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៨៤,៨០២ករណី (១,២៩៧នាក់ទៀត ទើបត្រូវបានបូកបញ្ចូល)។

៣៖ ក្រសួងសុខាភិបាលអេស្ប៉ាញបានឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺ COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ បានកើនឡើងដល់ ២១,២៨២នាក់ហើយ ក្រោយពីអ្នកស្លាប់ ៤៣០នាក់ទៀត ត្រូវបានរាយការណ៍ក្នុងពេលតែ ១ថ្ងៃប៉ុណ្ណោះ។

៤៖ ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសជប៉ុនបានកើនដល់ ១១,៤៣១ករណីហើយ ក្រោយអ្នកឆ្លងជំងឺនេះ ២៧៨នាក់ទៀតទើបត្រូវបានរកឃើញ ខណៈដែលប្រទេសទាំងមូល កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្ន។

៥៖ សិង្ហបុរីនាថ្ងៃអង្គារនេះ បានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន១,១១១នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបទូទាំង ប្រទេសកើនដល់៩,១២៥នាក់។

៦៖ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៤ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស៕