(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថា លោកមិនដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គាត់មានជំងឺពិតប្រាកដមែន ឬយ៉ាងណាទេ ប៉ុន្តែទោះជាយ៉ាងណា លោកសូមជូនពរឲ្យគាត់មានសំណាងល្អ អាចគេចផុតពីគ្រោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

នៅពេលត្រូវគេសួរអំពីស្ថានភាពសុខភាពរបស់លោកគីម លោក ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានត្រឹមថា ខ្ញុំសូមជូនពរឲ្យគាត់មានសុខភាពល្អ... សំណាងល្អ»

ទោះជាយ៉ាងណា ប្រភពពីមន្រ្តីម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងតាមដានលើព័ត៌មានសម្ងាត់ដែលថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់មួយ។

លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះត្រូវគេកត់សម្គាល់ឃើញថា បានខកខានបង្ហាញខ្លួនក្នុងឱកាសអបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ ដែលជាហេតុបង្កឲ្យមានការដាក់ការសង្ស័យកាន់តែខ្លាំងឡើង ចំពោះសុខភាពរបស់លោក ព្រោះចាប់តាំងពីឡើងកាន់ អំណាចកាលពីចុងឆ្នាំ២០១១ មកគឺលោក គីម មិនដែលអវត្តមានម្តងណាឡើយក្នុងឱកាសដ៏សំខាន់បំផុតនេះ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ យោងតាមសារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង។

ក្រោយការចេញផ្សាយព័ត៌មានខាងលើនេះបានតែប៉ុន្មានម៉ោង ខាងមន្ត្រីកូរ៉េខាងត្បូង ដែលទទួលបានប្រភពស្និទ្ធហ្នឹងបញ្ហាកូរ៉េខាងជើង បានចេញមុខអះអាងថា លោក គីម ជុងអ៊ុន មានសុខភាពល្អធម្មតា និងមិនបានឈឺធ្ងន់ធ្ងរអ្វីនោះឡើយ៕