(សិង្ហបុរី)៖ សិង្ហបុរីនាថ្ងៃពុធនេះ បានប្រកាសពីរកឃើញអ្នកឆ្លង COVID-19 ចំនួន១,០១៦នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបទូទាំង ប្រទេសកើនដល់១០,១៤១នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗខាងលើ មានត្រឹម១៥ករណីប៉ុណ្ណោះ ជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ខណៈក្រៅពីនោះជាពលករកាន់ប័ណ្ណបម្រើការងាររយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករ បរទេស។ បើតាមអាជ្ញាធរសិង្ហបុរី ទីតាំងស្នាក់នៅសម្រាប់ពលករបរទេសសរុប១៩កន្លែង ត្រូវបានប្រកាសចាត់ទុកជាកន្លែងដាក់នៅដាច់ ដោយឡែក ក្រោយពីចំនួនករណីឆ្លង COVID-19 ក្នុងចំណោមពលករបរទេស មានការស្ទុះឡើងខ្ពស់។

គួរជម្រាបថា នៅចំពោះមុខការហក់ឡើងខ្លាំងនៃចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថាប្រទេសលោកនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕