(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៥ករណីបន្ថែមទៀត និងអ្នកស្លាប់ម្នាក់ ដែលចំនួននេះជាអត្រាឆ្លងប្រចាំថ្ងៃដ៏ទាបមួយ គិតចាប់តាំងពីប្រទេសថៃត្រូវបានដាក់ក្នុងគ្រាមានអាសន្ន ដើម្បីទប់ទល់ នឹងការរាតត្បាតនៃ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

តាមរយៈរបាយការណ៍ចុងក្រោយនេះ បានបង្ហាញថា អត្រានៃអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ បានបន្តធ្លាក់ចុះបន្ថែមទៀត បើប្រៀបធៀបនឹងតួលេខកាលពីសប្តាហ៍មុនៗ ហើយនៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ គឺអត្រាអ្នកឆ្លងថ្មីបានថយពី២៧នាក់ មក១៩នាក់ ហើយនៅត្រឹម១៥នាក់ក្នុងថ្ងៃពុធនេះ។ ប៉ុន្តែទោះបីជាបែបនេះក្តី អាជ្ញាធរថៃនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែល។

លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានមានប្រសាសន៍ថា «ករណីឆ្លងថ្មីធ្លាក់ចុះ គឺជាជោគជ័យដ៏តូចមួយប៉ុណ្ណោះ... យើងមិនអាចបន្ធូរបន្ថយរបស់វិធានការយើងបានទេ»។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ដែរថា ករណីស្លាប់ ០១ករណីថ្មីខាងលើនេះ គឺជាស្ត្រីជនជាតិថៃអាយុ ៥៨ ឆ្នាំម្នាក់ដែលមានជំងឺទឹកនោមផ្អែម និងមានបញ្ហាសម្ពាធឈាមផងដែរ។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងរីករាលជំងឺ COVID-19 កាលពីដើមខែមករា ឆ្នាំ២០២០ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លងសរុបចំនួន ២,៨២៦ ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៤៩ នាក់បានស្លាប់ ខណៈ ២,៣៥២ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ បច្ចុប្បន្នថៃកំពុងស្ថិតក្រោមការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែមិនា ហើយនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមេសា៕