(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានអំពាវនាវ ក៏ដូចជាជំរុញឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែ បម្រួលអាកាសធាតុ ឱ្យដូចគ្នាទៅនឹងការប្រយុទ្ធប្រឆាំង COVID-19 នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។
បើតាមអគ្គលេខាធិការអង្គការឧតុនិយមពិភពលោក (WMO) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ លោក Petteri Taalas ទោះបីជាការអនុវត្តវិធានការ បិទប្រទេស ឬរឹតត្បិតការធ្វើដំណើរ និងសកម្មប្រជាជន ទប់ស្កាត់ COVID-19 ពីសំណាក់បណ្ដាប្រទេសជាច្រើន បានចូលរួមកាត់បន្ថយការបំពុលបរិយាកាស បានមួយរយៈក៏ដោយ តែនេះមិនមែនមានន័យថាលែងមានបម្រែបម្រួលអាកាសធាតុ តទៅទៀតនោះទេ។
លោក Taalas បានបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងទាំងអស់គ្នា ត្រូវការការប្ដេជ្ញាចិត្ត ប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ ឱ្យដូចគ្នាទៅនឹងការប្ដេជ្ញាចិត្ត ទប់ស្កាត់ COVID-19... ហើយការធ្វើសកម្មភាពមិនមែនត្រឹមតែរយៈពេលខ្លីនោះទេ តែត្រូវគិតពីកូនចៅជំនាន់ក្រោយ»៕