(បរទេស)៖ យោងតាមគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,៦៣៧,៤១៤ករណីហើយ ក្នុងនោះមនុស្សសរុប ១៨៤,២០៤នាក់ស្លាប់ និង ៧១៧,៦២៥នាក់ជាសះស្បើយឡើងវិញ។

ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៉ីតាលី, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។

ដោយឡែកប្រទេសតួកគី ក៏នឹងអាចលោតចូលមកក្នុងក្រុមប្រទេស ដែលមានអ្នកឆ្លងជំងឺ COVID-19 រហូតដល់រាប់សែនករណី ក្នុងពេលឆាប់ៗនេះផងដែរ បើគេពិនិត្យទៅមើលទៅលើសន្ទុះនៃការឆ្លងប្រចាំថ្ងៃ ខណៈគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ តួកគីមានអ្នកឆ្លង COVID-19 សរុប ៩៨,៦៧៤ករណីរួចទៅហើយ៕