(បារីស)៖ ការស្ទង់មតិមួយបានបង្ហាញឲ្យដឹងថា ប្រជាជនបារាំងភាគច្រើន គឺមានការព្រួយបារម្ភអំពីគម្រោងរបស់រដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយវិធានការរឹតត្បិតលើការដើរហើរ ដែលនឹងចាប់ផ្តើនៅថ្ងៃទី១១ ខែឧសភាខាងមុខនេះ ខណៈស្ថានការណ៍ COVID-19 ហាក់ធូរស្រាលបន្តិចវិញ បន្ទាប់ពីវិធានការបិទប្រទេសចំនួន ០៥សប្តាហ៍បានកន្លងផុតទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
ការស្ទង់មតិតាមប្រព័ន្ធអេឡិចត្រូនិកមួយ ដែលបានធ្វើឡើងដោយវិទ្យាស្ថាន អេឡាប៊េ (Elabe) បានរកឃើញថា ៦៦% នៃអ្នកដែលបានចូលរួមឆ្លើយសំនួរ ១,០០០នាក់បានបង្ហាញពីក្តីព្រួយបារម្ភ អំពីការបន្ធូរបន្ថយលើវិធានការរឹតត្បឹតលើការដើរហើរ ខណៈ ៣៤% មានសុទិដ្ឋិនិយមចំពោះជីវិតក្រោយបិទទ្វារ។ ដោយឡែកចំពោះការបើកឲ្យសាលារៀនដំណើរការឡើងវិញ គឺមាន ៦៣% យល់ឃើញថា រដ្ឋាភិបាលមិនទាន់បានត្រៀមរៀបចំបានល្អនៅឡើយទេ។
ដោយឡែកនៅក្នុងការស្តង់មតិមួយផ្សេងទៀត ដែលបានធ្វើឡើងដោយវិទ្យាស្ថាន ហារីស អ៉ីនធើអេកធីវ (Harris Interactive) ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នានេះដែរ ដោយបានបង្ហាញថា ប្រជាជនបារាំងភាគច្រើនមានការពេញចិត្ត នឹងការធ្វើការងារពីចម្ងាយ សូម្បីតែវិធានារឹតត្បឹតលើការដើរហើរនេះ ត្រូវបានលុបចោលវិញក៏ដោយ ខណៈ ៦០% នៃអ្នកត្រូវបានគេសម្ភាសន៍ផ្ទាល់មាត់បានបង្ហាញថា ការសម្រេចចិត្តបើកសាលារៀនឡើងវិញនៅពេលនេះ គឺជាសម្រេចចិត្តមិនល្អសោះឡើយ។
គួរជម្រាបថា រដ្ឋាភិបាលបារាំងកំពុងរៀបចំផែនការ ក្នុងការបន្ធូរបន្ថយវិធានការបង្ខាំងមនុស្ស ដែលត្រូវបានដាក់ឲ្យអនុវត្ត កាលពីពាក់កណ្តាលខែមីនាកន្លងទៅនេះ ហើយក៏បានពន្យាពេលចំនួន ០២ដងរួចមកហើយដែរ ដើម្បីធានាដល់ជីវភាពប្រជាជន វិលត្រឡប់ទៅរកភាពប្រក្រតីវិញបន្តិចម្តងៗ។ តាមផែនការរបស់រដ្ឋាភិបាលបារាំង បណ្តាហាងកាហ្វេ ភោជនីយដ្ឋាន ក៏ដូចជារោងកុននឹងនៅបន្តបិទទ្វារ ខណៈការប្រារព្ធពិធីបុណ្យនានាត្រូវបានពន្យារពេល រហូតដល់ពាក់កណ្តាលខែកក្កដា៕