(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានចុះហត្ថលេខាហើយលើបទបញ្ជាមួយ ដែលនឹងដាក់កំហិតលើការធ្វើ អន្តោប្រវេសន៍មកកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានចេញពីសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីការពារប្រជាជនអាមេរិកដ៏អស្ចារ្យរបស់យើង ខ្ញុំទើបតែបានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលនឹងហាមឃាត់ជាបណ្ដោះអាសន្ន ការធ្វើអន្តោប្រវេសន៍មកកាន់ សហរដ្ឋអាមេរិក»។ លោកបន្ថែមថា លោកអាចនឹងកែប្រែបទបញ្ជានេះកំឡុង ៦០ថ្ងៃ ឬក៏អាចនឹងបន្តអនុវត្តបទបញ្ជានេះ អាស្រ័យទៅលើវាយតម្លៃស្ថានភាពបច្ចុប្បន្ន។
បទបញ្ជាខាងលើនឹងត្រូវអនុវត្តចំពោះ អ្នកក្រៅប្រទេសដែលកំពុងស្វែងរក ការរស់នៅជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយវាមិនរាប់បញ្ចូលអ្នកកំពុងរស់់នៅ ក្នុងសហរដ្ឋអាមេរិកស្រាប់ និងកំពុងស្វែងរកការផ្លាស់ប្ដូរ លក្ខខន្តិកអន្តោប្រវេសន៍របស់ពួកគេនោះឡើយ។ បន្ថែមពីលើ បទបញ្ជានេះទៀតសោតក៏មិនរាប់បញ្ចូល អ្នកធ្វើការក្នុងវិស័យសំខាន់ៗ មួយចំនួនដូចជា គ្រូពេទ្យ ឬបុគ្គលិកសុខាភិបាល ប្រពន្ធ និងកូននៃពលរដ្ឋអាមេរិក សមាជិកគ្រួសារកងកម្លាំង ប្រដាប់អាវុធ រួមទាំងបុគ្គលិក ដែលកំណត់ ឬអនុវត្តដោយច្បាប់ និងអ្នកប្រើប្រាស់ទិដ្ឋាការវិនិយោគនោះដែរ៕