(សេអ៊ូល)៖ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានពើបប្រទះស្ថានភាពដ៏អាក្រក់ ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនផលិតផលនៅក្នុងស្រុក (GDP) មិនធ្លាប់មានចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ដោយសារតែការឆ្លងរាតត្បាត COVID-19 នៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលកូរ៉េខាងត្បូង ដកស្រង់ និងចេញផ្សាយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

បើតាមទិន្នន័យចេញផ្សាយដោយ ធនាគារកណ្ដាលកូរ៉េខាងត្បូង (BOK) កំណើនផលិតផលនៅក្នុងស្រុកសរុបសុទ្ធសាធ ឬ Real GDP បានធ្លាក់ចុះ ១.៤ភាគរយ ក្នុងត្រីមាសទី ១ ចាប់ពីខែមករា ដល់ខែមីនា ដែលនេះគឺជាការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចដ៏អាក្រក់បំផុត បើធៀបនឹងការធ្លាក់ចុះដល់ទៅ ៣.៣ភាគរយ ក្នុងត្រីមាសទី ៤ នៃឆ្នាំ២០០៨ ជាកំឡុងពេលដែលវិបត្តិហិរញ្ញវត្ថុសកលកំពុងញាំញី។

ការឆ្លង និងរាតត្បាតជាសកលនៃជំងឺ COVID-19 បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើរ ជាពិសេសវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យឯកជននានា ខណៈមនុស្សម្នាកាន់តែច្រើន មិនអាចចេញទៅប្រកបរបរទទួលទាន និងធ្វើកិច្ចការងារនៅក្រៅផ្ទះ ក៏ដូចជាមិនអាចធ្វើដំណើរកម្សាន្ត ដើរផ្សារទិញឥវ៉ាន់ ឬហូបចុកនៅតាមភោជនីយដ្ឋាននានាបានទៀត ដោយសារតែត្រូវអនុវត្តវិធានការស្ថិតនៅក្នុងផ្ទះ និងគម្លាតសុត្ថិភាព ឬក៏ខ្លាចឆ្លងជំងឺ COVID-19 នោះតែម្តង៕