(តូក្យូ)៖ មកទល់ពេលនេះចំនួនករណីឆ្លង COVID-19 នៅលើកប៉ាល់ទេសចរណ៍អ៉ីតាលីមួយគ្រឿងឈ្មោះ ខូស្តា អាត្លង់ទីខា (Costa Atlantica) ដែលបានចូលចតនៅប្រទេសជប៉ុន ដើម្បីធ្វើការជួសជុលនោះគឺកើនដល់ ៤៨នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។
កប៉ាល់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ទេសចរណ៍ ខូស្តាគ្រូស (Costa Cruises) មួយនេះ ត្រូវបានយកទៅជួសជុលនៅរោងជាងកប៉ាល់មួយកន្លែង ស្ថិតក្នុងទីក្រុងណាហ្គាសាគី (Nagasaki) ភាគខាងលិចប្រទេសជប៉ុន តាំងតែពីចុងខែកុម្ភៈមកម្ល៉េះ ក្រោយគម្រោងយកទៅជួសជុលទៅចិន ជួបបញ្ហាព្រោះតែកាលណោះ COVID-19 កំពុងផ្ទុះខ្លាំងនៅចិន។
កប៉ាល់ទេសចរណ៍ Costa Atlantica មានបុគ្គលិកបម្រើការ ៦២៣នាក់ និងពុំមានអ្នកដំណើរនោះឡើយ។ ការរកឃើញចំនួនករណីឆ្លង ក្នុងចំណោមបុគ្គលិកបម្រើការរបស់កប៉ាល់នេះ ហើយកាន់តែកើនឡើងថែមទៀតនោះ កំពុងបង្កក្តីព្រួយបារម្ភអំពីផលប៉ះពាល់លើប្រជាជនជប៉ុន ដែលរស់នៅក្នុងទីក្រុង Nagasaki ក្រោយមានការលេចដំណឹងថា បុគ្គលិកកប៉ាល់មួយចំនួន បានចាកចេញពីតំបន់ ដែលត្រូវបានហាមឃាត់។
គួរជម្រាបថា កាលពីករណីកប៉ាល់ទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) នៅឯទីក្រុងយ៉ូកូហាម៉ារបស់ជប៉ុនកាលពី ០២ខែមុន អ្នកដំណើរ និង បុគ្គលិកកប៉ាល់នោះសរុបជាង ៧០០នាក់ត្រូវបានរកឃើញថា បានឆ្លង COVID-19។ បើមិនរាប់តួលេខពីកប៉ាល់ Diamond Princess មកទល់ពេលនេះ ជប៉ុនមានករណីឆ្លងសរុបច្រើនជាង ១១,៥០០នាក់ ក្នុងនោះស្លាប់ជិត ៣០០នាក់៕