(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅតែបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19 រាប់រយនាក់ជាប្រចាំ ដោយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺសរុប ២៧១នាក់ទៀតត្រូវបានរាប់បញ្ចូល ធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសដីកោះមួយនេះ កើនឡើងដល់ ៦,៩៨១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា អ្នកជំងឺចំនួន ២៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត នាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុប ៤៦២នាក់ និងអ្នកជាសះស្បើយវិញកើនឡើងដល់ ៧២២នាក់។ ទោះបីជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលហ្វីលីពីនលោកស្រី ម៉ារីយ៉ា រ៉ូសារីយ៉ូ វើហ្គេ (Maria Rosario Vergeire) បានបញ្ជាក់ថា អត្រាឆ្លង និងស្លាប់ដោយសារ COVID-19 នៅប្រទេសអាស៊ានមួយនេះ កំពុងធ្លាក់ចុះវិញហើយ។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺ COVID-19 យ៉ាងហោចណាស់ ៥០០នាក់នៅហ្វីលីពីន បានស្ម័គ្រចិត្តចូលរួមសាកល្បងថ្នាំចំនួន ០៤ប្រភេទ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីឲ្យបានដឹងពីប្រសិទ្ធភាពរបស់ពួកវាផងដែរ ហើយវានឹងអាចចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះតែម្តង៕