(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ជុំវិញពាក្យចចាមអារ៉ាមដែលថាលោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយទទួលការវះកាត់បេះដូង ខណៈមានការសន្និដ្ឋានកាន់តែច្រើនឡើងថា អ្នកនាង គីម យូ ជុង (Kim Yo-jong) អាច នឹងឡើងកាន់អំណាចបន្ត បើសិនជាមានបញ្ហាអ្វីកើតឡើងលើលោក គីម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Chosun Ilbo នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូង បានរាយការណ៍នៅក្នុងសប្ដាហ៍នេះថា លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ក្រោយ ទទួលការវះកាត់បេះដូង។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានទាត់ចោលសេចក្ដីរាយការណ៍នេះ ជាមួយការបញ្ជាក់ថាលោក គីម កំពុងស្ថិតនៅក្នុងទីក្រុង Wonsan ស្របពេលឧត្ដមសេនីយ៍ជាន់ខ្ពស់អាមេរិក លោក John Hyten ក៏បានអះអាងដែរថាមេដឹកនំាកូរ៉េខាងជើងរូបនេះ នៅតែបន្តដឹកនាំ និងគ្រប់គ្រង កងកម្លាំងយោធា និងកងកម្លាំងនុយក្លេអ៊ែរ។

ដោយឡែក ទូរទស្សន៍អាមេរិក Fox News ដោយផ្អែកលើប្រភពពីចារកម្មអាមេរិកដែលខ្លួនទទួលបាន ឱ្យដឹងថារដ្ឋាភិបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានត្រៀមផែនការរួចស្រេច ដើម្បីដោះស្រាយបញ្ហានានា នៅក្នុងករណីលោក គីម ជុងអ៊ុន ទទួលមរណភាព។ ចំណែកឯ សារព័ត៌មានជប៉ុន Yomiuri Shimbun បានលើកឡើងចំៗតែម្ដងថា អ្នកនាង គីម យូ ជុង (Kim Yo-jong) ជាប្អូនស្រីលោក គីម បានត្រៀមខ្លួនជាស្រេច ដើម្បីស្នងតំណែង ដឹកនាំកូរ៉េខាងជើង នៅក្នុងករណីបន្ទាន់ណាមួយកើតឡើង។

គួរជម្រាបថា ព័ត៌មានចេញផ្សាយមុនគេពីស្ថានភាពសុខភាព លោក គីម ជុងអ៊ុន ដោយសារព័ត៌មាន Daily NK ត្រូវបានមជ្ឈដ្ឋានខ្លះសន្មត់ថា ជាមូលហេតុ ដែលលោក គីម អវត្តមានក្នុងថ្ងៃខួបកំណើតលើទី១០៨ នៃជីតា គឺលោក គីម អ៊ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា។ តែនេះមិនមែនជាលើកទីមួយឡើយ ដែល លោក គីម បាត់មុខជាសាធារណៈបែបនេះ ពោលគឺលោកធ្លាប់ត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាព ជាពិសេសគឺដោយសារលោកចូលចិត្តជក់បារី៕