(តូក្យូ)៖ អភិបាលទីក្រុងអូសាកានៃប្រទេសជប៉ុន កំពុងតែទទួលរងការរិះគន់យ៉ាងចាស់ដៃ ដោយសារការនិយាយថា ប្រុសៗគួរតែដើរទិញទំនិញនៅក្នុងផ្សារកំឡុងវិបត្តិ COVID-19 ព្រោះតែស្រីៗភាគច្រើនពិបាកសម្រេចចិត្ត ហើយចំណាយពេលយូរ ពេលដើរផ្សារទិញឥវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
បច្ចុប្បន្នប្រទេសជប៉ុនទាំងមូល កំពុងស្ថិតក្រោមការដាក់ឲ្យនៅក្នុងគ្រាមានអាសន្ន ដោយសារតែការរាតត្បាតនៃជំងឺ COVID-19 ហើយប្រជាជននៅតាមតំបន់ខ្លះ ត្រូវបានស្នើកុំឲ្យចំណាយពេល ដើរទិញរបស់របរនៅផ្សារញឹកញាប់ ឬយូរពេក ហើយឲ្យតែសមាជិកម្នាក់ក្នុងមួយគ្រួសារ ទៅឥវ៉ាន់សម្រាប់ផ្គត់ផ្គង់ទៅបានហើយ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អភិបាលក្រុងអូសាកា លោក អ៉ីជីរ៉ូ ម៉ាត់ស៊ូអ៉ិ (Ichiro Matsui) បាននិយាយចំពោះមុខក្រុមអ្នកសារព័ត៌មានថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ប្រុសៗគួរតែជាអ្នកដើរផ្សារវិញ ពីព្រោះថាស្ត្រីៗដូចដែលដឹងស្រាប់ហើយ គឺតែងប្រើពេលយូរ ដោយពួកគេត្រូវដើរមើលនេះមើលនោះ ហើយភាគច្រើនស្ទាក់ស្ទើរជុំវិញការទិញរបស់នេះ ឬរបស់នោះជាដើម មិនដូចបុរសៗឡើយ។
គួរជម្រាបថា ក្រោយការលើកឡើងបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសជប៉ុន បាននាំគ្នាធ្វើការរិះគន់យ៉ាងព្រោងព្រាត លើលោក Matsui ដោយមានអ្នកខ្លះចោទថា សម្តីលោកជាការប្រមាថចំពោះបុរស និងស្រ្តី ជាការរើសអើសពេញទំហឹងប្រឆាំងស្រ្តីភេទ ជាដើម ប៉ុន្តែក៏មានមតិមួយចំនួន គាំទ្រសម្តីរបស់លោកផងដែរ៕