(សិង្ហបុរី)៖ នារសៀលថ្ងៃសុក្រនេះ សិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៨៩៧ករណីថ្មី ដែលធ្វើឲ្យចំនួនអ្នកឆ្លង សរុបកើនដល់១២,០៧៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
តួលេខខាងលើគឺជាការធ្លាក់ចុះបន្តិចមកវិញ បើធៀបទៅនឹងតួលេខអ្នកឆ្លងថ្មីនៅសិង្ហបុរី ក្នុងរយៈពេល០៤ថ្ងៃកន្លងមកនេះ ដែលមានចំនួន ច្រើនជាង១,០០០នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំងនោះ មានត្រឹម១៣ករណី ប៉ុណ្ណោះដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ដោយករណីផ្សេងទៀតគឺជា ពលករកាន់ប័ណ្ណបម្រើការងាររយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករបរទេស។
គួរជម្រាបថា ទីតាំងស្នាក់នៅសម្រាប់ពលករបរទេសសរុប២៥កន្លែង ត្រូវបានប្រកាសចាត់ទុកជា កន្លែងដាក់ឲ្យនៅដាច់ដោយឡែក។ នៅចំពោះមុខការហក់ឡើងខ្លាំងនៃចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕