(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីនាំមុខគេ មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) បានព្យាករណ៍ថា លោក ដូណាល់ ត្រំា អាចនឹងព្យាយាមពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ ដែលអាចជាការទុកឱកាសឲ្យលោក រិះរកវិធីដើម្បីឈ្នះឆ្នោតនៅអាណត្តិទី ២ ទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន France 24 នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
លោក Joe Biden ធ្វើការកត់សម្គាល់បែបនេះ កំឡុងការប្រមូលមូលនិធិមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នាឱកាសនោះអតីតអនុប្រធានាធិបតីអាមេរិកវ័យ ៧៧ឆ្នាំរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «កត់ចំណាំពាក្យខ្ញុំទុកចុះ, ខ្ញុំគិតថា គាត់ (លោក ដូណាល់ ត្រាំ) អាចនឹងព្យាយាមដោយប្រើប្រាស់គ្រប់មធ្យោបាយ និងស្វែងរកហេតុផលមួយចំនួន ដើម្បីអាចពន្យាពេលការបោះឆ្នោត... ដ្បិតនេះគឺជាមធ្យោបាយតែមួយគត់ ដែលគាត់គិតថា អាចធ្វើឱ្យគាត់ទទួលបានជ័យជម្នះ»។
គួរជម្រាបថា បើតាមលោក Joe Biden ការគំរាមរបស់លោក ដូណាល់ ត្រាំ ក្នុងការប្រើប្រាស់សិទ្ធិវ៉េតូ ជំទាស់នឹងការផ្ដល់មូលនិធិបន្ទាន់ សម្រាប់ការិយាល័យប្រៃសនីយ៍អាមេរិក (US Post Office) គឺជាឧទាហរណ៍ស្រាប់អាចបញ្ជាក់យ៉ាងច្បាស់ អំពីចេតនារបស់លោក ត្រាំ ខណៈផ្លូវទៅរកជ័យជម្នះនៃប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេរំពឹងថា អាចនឹងពិបាកលើសអ្វីដែលលោកធ្លាប់រំពឹងទុក ដោយសារតែបច្ចុប្បន្នប្រជាជនអាមេរិក ២៦,៤លាននាក់គ្មានការងារធ្វើ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែការឆ្លងរាតត្បាត COVID-19៕