(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ (Abe Shinzo) បានប្រកាសនៅថ្ងៃចន្ទនេះថា ជប៉ុននឹងដាក់ចេញនូវបំរាមធ្វើដំណើរមួយ ដោយហាមប្រជាជនមកពីប្រទេសចំនួន ១៤ ចូលមកក្នុងប្រទេសដីកោះមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
ការប្រកាសខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំក្រុមការងារពិសេសមួយ ដែលដឹកនាំដោយលោក អាបេ ស៊ីនហ្សូ នៅថ្ងៃចន្ទនេះតែម្តង។ សម្រាប់ប្រទេសចំនួន ១៤ ដែលនឹងត្រូវជាប់ក្នុងបំរាមខាងលើនេះរួមមាន រុស្ស៊ី, អ៊ុយក្រែន, បេឡារុស, អារ៉ាប៊ីសាអូឌីត, កាតា, អេមីរ៉ាត់អារ៉ាប់រួម, អូម៉ង់, ជីបួទី, ប៉េរូ, គុយវ៉ែត, អាន់ទីកបាបូដា, បាបាដូស, សង់ឃីតណេវីស និងសាធារណរដ្ឋដូមីនីក។
គួរបញ្ជាក់ថា បំរាមខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃពុធ ទី២៩ ខែមេសា ខាងមុខនេះតទៅហើយ ដោយក្នុងនោះក៏បានបញ្ជាក់ផងដែរថា អ្នកដែលធ្លាប់មានប្រវត្តិទៅកាន់ប្រទេសទាំង ១៤ ហើយចូលមកក្នុងប្រទេសជប៉ុន (លើកលែងតែជនជាតិជប៉ុន) នៅអំឡុងពេល ២សប្តាហ៍ចុងក្រោយនេះ នឹងត្រូវតម្រូវឲ្យចាកចេញពីប្រទេសជប៉ុនវិញ។ បន្ថែមពីខាងលើនេះ ជប៉ុននឹងពង្រីកថេរវេលា ក្នុងការផ្អាក ផ្តល់ទិដ្ឋាការដល់ជនបរទេសនានា រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ ផងដែរ៕